ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានសម្ដែងនូវការកោតសរសើរពីការអភិវឌ្ឍរាជធានីភ្នំពេញ និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ។
លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញក្នុងរយៈពេល៤
ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា
អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩បានយ៉ាងល្អ ដោយរក្សាបាននូវសេដ្ឋកិច្ចជាតិល្អ និងប្រជាជនមានជីវភាពល្អប្រសើរ។
ការសម្ដែងនូវការកោតសរសើររបស់លោក ង្វៀន ហ៊ុយថាំង បានធ្វើឡើងខណៈដែលលោកបានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។
លោក ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា រាជធានីភ្នំពេញក្នុងរយៈពេល៤ទសវត្សរ៍នេះពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុនគឺដូចមេឃហើយនិងដី ។ បន្ថែមពីលើនេះលោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ។ សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងទីក្រុងរវាងប្រទេសកម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹងមាំ និងខ្លាំងក្លា។
លោក ង្វៀន ហ៊ុយថាំង បញ្ជាក់ថា លោកនឹងធ្វើកិច្ចការអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជា និងវៀតណាម មានទំនាក់ទំនង និងសាមគ្គីភាពគ្នាកាន់តែរឹងមាំនៅពេលដែលលោកមកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។លោកក៏បានសូមឲ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញផ្លាស់ប្ដូរទស្សនកិច្ចគ្នាឲ្យបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយគ្នាឲ្យកាន់តែល្អ និងរឹងមាំបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ហើយ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញហើយដែរ ដែលធ្វើឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមក្នុងការរឹតចំណងសាមគ្គីភាពឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ផងដែរថា នៅពេលដែលប្រទេសទាំង២មានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ និងយោកយល់គ្នា នោះប្រទេសទាំងពីរនឹងមានសាមគ្គីភាពគ្នាកាន់តែល្អ និងរឹងមាំយូរអង្វែង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



