ព្រិលធ្លាក់ខ្លាំងជាប់កំណត់ត្រា បានវាយប្រហារតំបន់ជាច្រើននៅភាគខាងជើងប្រទេសជប៉ុន ហើយសារព័ត៌មានក្នុងស្រុករាយការណ៍ថា ទីក្រុង Aomori បានមើលឃើញព្រិលធ្លាក់កម្រាស់ ១៦៧សង់ទីម៉ែត្រកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៤៥ ។
វាគឺជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ១៩៨៦ ពេលដែលព្រិលធ្លាក់មានជម្រៅដល់ទៅ ១,៨ម៉ែត្រនៅក្នុងទីក្រុង Aomori ។ តំបន់ផ្សេងទៀតក្នុងខេត្ត Aomori រាយការណ៍ពីជម្រៅព្រិលជ្រៅប្រហែល ៣-៤ដងនៃចំនួនព្រិលធ្លាក់មធ្យមប្រចាំរដូវរងា ។
សេវាកម្មរថភ្លើងរាប់រយខ្សែ ត្រូវបានពន្យាពេល ឬលុបចោលកាលពីថ្ងៃអាទិត្យ ក្នុងនោះការផ្អាកនឹងបន្តនៅថ្ងៃចន្ទនេះ ។
ទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ថា អ្នកដំណើរប្រហែល ៧ពាន់នាក់ ត្រូវបានបង្ខំចិត្តស្នាក់នៅពេញមួយយប់ថ្ងៃអាទិត្យ ក្នុងអាកាសយានដ្ឋាន New Chitose ក្រោយការលុបចោលជើងហោះហើរជាង ៥០វ៉ុល ។
ព្រិលធ្លាក់ខ្លាំង បានគ្របដណ្តប់ផងដែរ តំបន់ឆ្នេរសមុទ្រជប៉ុន ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើន រួមទាំងទីក្រុង Niigata នៅភាគខាងជើងប្រទេសជប៉ុន និងខេត្ត Kyoto ស្ថិតនៅភាគខាងលិចប្រទេស ។ ព្រិលគ្របដណ្តប់ទីក្រុង Uonuma ខេត្ត Niigata បានឆ្លងផុតជម្រៅ ២៧៣សង់ទីម៉ែត្រផងដែរ ៕
