អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន TASS, Reuters និង Wargonzoថា លក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែនត្រូវបានបង្កើតឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេស ហើយនៅតែមិនផ្លាស់ប្តូរ។

លោក Medvedev បាននិយាយថា៖«ចំពោះលក្ខខណ្ឌ ពួកវាត្រូវបានប្រកាសជាសាធារណៈ។ ពួកវាត្រូវបានបង្កើតឡើងដោយប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីជាលើកដំបូង នៅពេលដែលលោកថ្លែងទៅកាន់កិច្ចប្រជុំមួយ នៅក្រសួងការបរទេស» ដោយបន្ថែមថា លក្ខខណ្ឌទាំងនេះ «ត្រូវបានបញ្ជូនបន្តទៅសហសេវិកអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Anchorage នៃរដ្ឋអាឡាស្កា»។
លោកបានកត់សម្គាល់ថា៖« លក្ខខណ្ឌទាំងនោះ នៅតែមិនផ្លាស់ប្តូរ»។
នៅក្នុងខែធ្នូ ឆ្នាំ ២០២៥ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោក ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែនដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ដែលលោកបានថ្លែងនៅក្នុងសុន្ទរកថារបស់លោកទៅកាន់ក្រសួងការបរទេសរុស្ស៊ី ក្នុងខែមិថុនា ឆ្នាំ ២០២៤ និងដោយការលុបបំបាត់មូលហេតុឫសគល់ដែលនាំឲ្យមានវិបត្តិនេះ៕
