ទីភ្នាក់ងារព័ត៌មានទួរគី IHA រាយការណ៍ថា មនុស្សយ៉ាងហោច ៩នាក់ ស្លាប់ និងមនុស្ស ២៦នាក់ផ្សេងទៀត រងរបួស ពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានជួបគ្រោះថ្នាក់នៅទីក្រុង Antalya ប្រទេសទួរគី កាលពីថ្ងៃអាទិត្យ ។

ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងពេលរថយន្តក្រុងដឹកមនុស្ស ៣៤នាក់ ធ្វើដំណើរចេញពីទីក្រុង Tekirdag ឆ្ពោះទៅកាន់ទីក្រុង Antalya ក្នុងស្ថានភាពភ្លៀងធ្លាក់ ។ ក្រុមការងារសង្រ្គោះបន្ទាន់ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ដើម្បីដឹកជនរងគ្រោះទៅព្យាបាល ។
លោក Hulusi Sahin គឺជាអភិបាលក្រុង Antalya និយាយប្រាប់ក្រុមអ្នកាសារព័ត៌មាននៅកន្លែងកើតហេតុថា ការស៊ើបអង្កេតបច្ចេកទេស នឹងបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅពីក្រោយឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ។
លោកបន្តថា វាមានភ្លៀងធ្លាក់ ហើយស្ថានភាពដីសើម ផ្សែងអ័ព្ទបានចុះនៅពេលនោះផងដែរ វាប្រហែលជារថយន្តក្រុងបើកបរក្នុងល្បឿនលឿន ពេលដល់ផ្លូវប្រសព្វ ។
រូបភាពយានដ្រូន ឃើញរថយន្តក្រុងក្រឡាប់នៅផ្នែកម្ខាងនៃដងផ្លូវ ក្នុងនោះក្រុមការងារសង្រ្គោះបន្ទាន់ និងរថយន្តនៅជុំវិញកន្លែងកើតហេតុ ស្របពេលដែលការស៊ើបអង្កេត និងប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្ត ៕
