អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់នឹងជំរុញលក្ខខណ្ឌសម្រាប់ចាប់ផ្តើមកិច្ចប្រជុំឡើងវិញជាមួយសហរដ្ឋអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយភាគីទាំង ២ បង្ហាញការត្រៀមខ្លួនស្រោចស្រង់ការទូត ជុំវិញជម្លោះនុយក្លេអ៊ែរ និងធ្វើឲ្យលែងមានក្តីបារម្ភពីសង្រ្គាមថ្មីនៅក្នុងតំបន់ ។
អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Baghaei និយាយថា ចំណុចជាច្រើនត្រូវបានផ្លាស់ប្តូរ ។ នៅដំណាក់កាលនេះ ពួកយើងកំពុងពិនិត្យមើល និងសម្រេចចិត្តលើរឿងរ៉ាវលម្អិតនៃដំណើរការការទូតណាមួយ ដែលសង្ឃឹមថា ពួកយើងនឹងឈានដល់ការសន្និដ្ឋានរួម ក្នុងរយៈពេលប៉ុនា្មនថ្ងៃខាងមុខនេះ ។

ភាពតានតឹងកើនឡើង ស្របពេលពង្រីកកម្លាំងយោធាដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅជិតប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបង្រ្កាបហិង្សាលើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមុន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមម្តងហើយម្តងទៀតថានឹងធ្វើអន្តរាគមន៍ អំឡុងការបង្រ្កាប ប៉ុន្តែចាប់តាំងពីពេលនោះ លោកបានជំរុញឲ្យអ៊ីរ៉ង់ផ្តល់សម្បទាននុយក្លេអ៊ែរ វិញ ។
លោក Ali Larijani គឺជាមន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់ទីក្រុងតេអេរ៉ង់ និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ការរៀបចំសម្រាប់កិច្ចចរចា កំពុងធ្វើឡើង ៕
