បាល់ទាត់៖ ក្រុមសៀមរាបអែហ្វស៊ីបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ហើយបន្ទាប់ពីសងសឹកក្រុមកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសម្រេចវិញក្នុងជំនួបជើងទី២ ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី១៦ ខែមីនាម្សិលមិញ។

ជំនួបលើទីលានកងរាជអាវុធហត្ថខេត្តកំពង់ធំនេះ ក្រុមភ្ញៀវសៀមរាបអែហ្វស៊ីធ្វើបានយ៉ាងល្អ ក្នុងការទាត់បំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ៣គ្រាប់នៅវគ្គទី២ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១។ ៣គ្រាប់ដែលជួយឲ្យក្រុមសៀមរាបអែហ្វស៊ី កក់កៅអីវគ្គបន្ដគឺធ្វើសម្រេចដោយកីឡាករ សុវណ្ណ លុច នៅនាទី៥៨ និងមិត្តរួមក្រុម រេន សុវីរៈ រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី៨៣ និងនាទី៨៧។

តាមរយៈជ័យជម្នះនេះបានធ្វើឲ្យក្រុមសៀមរាបអែហ្វស៊ី សងសឹកក្រុមកងរាជអាវុធហត្ថខេត្តកំពង់ធំបានវិញ បន្ទាប់ពីធ្លាប់រងបរាជ័យ ១-០ កាលពីជើងទី១ លើទឹកដីរបស់ខ្លួន ហើយកំពង់ធំក៏បាត់បង់ឱកាសប្រជែងកៅអីវគ្គបន្ដផងដែរ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងវគ្គជម្រុះតាមពូល ៤ប្រកួតឈ្នះ១ និងចាញ់៣ រកបាន ៣ពិន្ទុប៉ុណ្ណោះ ចាញ់ប្រៀបក្រុមសៀមរាបអែហ្វស៊ី និងខេត្តឧត្ដរមានជ័យដែលដឹកដៃគ្នាឡើងវគ្គបន្ដ ដ្បិតរកបាន ៦ពិន្ទុស្មើគ្នា និងសល់ ១ប្រកួតក្នុងដៃរៀងខ្លួន៕
អត្ថបទ៖ លី ឈុនឡា