រដ្ឋាភិបាលនិយាយនៅថ្ងៃចន្ទនេះថា ដីល្បាប់មានរ៉ែកម្រ ត្រូវបានស្រង់ចេញពីបាតមហាសមុទ្រទឹកជ្រៅជម្រៅ ៦ពាន់ម៉ែត្រ ក្នុងបេសកកម្មសាកល្បងរបស់ជប៉ុន ស្របពេលពួកគេព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិនសម្រាប់រ៉ែដ៏មានតម្លៃនេះ ។
ជប៉ុននិយាយថា បេសកកម្មនេះ គឺជាការប៉ុនប៉ងលើកដំបូងរបស់ពិភពលោក ដើម្បីស្រង់រ៉ែកម្រក្នុងសមុទ្រទឹកជ្រៅ ។
លោក Kei Sato គឺជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននិយាយថា រឿងរ៉ាវលម្អិតនឹងត្រូវវិភាគ រួមទាំងចំនួនពិតប្រាកដដែលរ៉ែកម្រមាននៅក្នុងសំណាក ដោយរូបលោកចាត់ទុកវាថាជាសមិទ្ធិផលដ៏មានអត្ថន័យមួយទាំងលក្ខខណ្ឌសន្តិសុខសេដ្ឋកិច្ច និងការអភិវឌ្ឍសមុទ្រគ្រប់ជ្រុងជ្រោយ ។
សំណាកត្រូវបានប្រមូលបានដោយនាវាខួងវិទ្យាសាស្រ្តជ្រៅឈ្មោះ Chikyu ដែលបានធ្វើដំណើរទៅកាន់កោះដាច់ស្រយាល Minami Torishima ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែមុន ជាទីដែលដែនទឹកនៅជុំវិញត្រូវបានគេមានជំនឿថា មានរ៉ែកម្រដ៏មានតម្លៃ ។
បេសកកម្មនេះដែរ បានកើតឡើងពេលដែលចិន គឺជាប្រទេសផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ពិភពលោក បង្កើនសម្ពាធលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ ក្រោយលោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi លើកឡើងកាលពីខែវិច្ឆិកាថា ទីក្រុងតូក្យូ អាចនឹងប្រតិកម្មផ្នែកយោធា ចំពោះការវាយប្រហារ កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង សច្ចាថានឹងរឹបអូសការគ្រប់គ្រងដោយកម្លាំង បើសិនចាំបាច់ ។
ទីក្រុងប៉េកាំង បានរារាំងការនាំចេញទៅកាន់ជប៉ុននូវទំនិញអាចប្រើប្រាស់បានទាំងសម្រាប់ស៊ីវិល និងយោធា ជាហេតុធ្វើឲ្យមានការព្រួយបារម្ភនៅប្រទេសជប៉ុនថា ទីក្រុងប៉េកាំងអាចធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់រ៉ែកម្រ ដែលរ៉ែកម្រមួយចំនួនត្រូវបានរួមបញ្ចូលនៅក្នុងបញ្ជីទំនិញប្រើប្រាស់បាន២យ៉ាងទាំងសម្រាប់ស៊ីវិល និងយោធា របស់ចិន ៕