ប្រជាពលរដ្ឋនាំគ្នាដើរលេងនៅលើសមុទ្រកក ស្ថិតនៅតំបន់ឆ្នេរប្រទេសប៉ូឡូញ ស្របពេលដែលប្រទេសមួយនេះ រងការវាយប្រហារដោយអាកាសធាតុត្រជាក់ខ្លាំង ។
ឆកសមុទ្រ Gdansk ស្ថិតនៅភាគខាងត្បូងតំបន់បាល់ទិក ចាប់ផ្តើមកក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោមស្ថានភាពអាកាសធាតុក្រោមសូន្យអង្សាសេ ។
កាលពីចុងសប្តាហ៍នេះ គេមើលឃើញសីតុណ្ហភាពធ្លាក់ចុះទាបបំផុតពុំធ្លាប់ដែលមានរហូតដល់ -២២អង្សាសេ នៅតាមតំបន់មួយចំនួនរបស់ប៉ូឡូញ ។
តំបន់ជាច្រើននៅតាមមាត់សមុទ្រ និងពាម ត្រូវបានគ្របដណ្តប់ដោយទឹកកក ធ្វើឲ្យមានមនុស្សយ៉ាងច្រើននាំគ្នាដើរតាមតំបន់ឆ្នេរ និងផ្តិតយកទិដ្ឋភាពរដូវរងាខុសពីប្រក្រតីនេះ ។
ពលរដ្ឋដែលមកលេង បានចាត់ទុកទិដ្ឋភាពបែបនេះថាកម្រ បើទោះបីជាស្ថានភាពស្រដៀងគ្នា បានកើតមាន អំឡុងរដូវដ៏ត្រជាក់បំផុតនៅប៉ូឡូញក៏ដោយ ។
លោក Karol Kiejnerski គឺជាភ្ញៀវទេសចរមួយរូប មកលេងតំបន់ឆ្នេរ និយាយថា វាគឺជារឿងល្អកាលដែលមកលេងទីនេះ បើទោះបីវាគឺជាបាតុភូតតែងតែកើតឡើងនៅប៉ូឡូញក៏ដោយ ប៉ុន្តែទំហំធំបែបនេះ កម្រកើតមានខ្លាំងណាស់ ៕