ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២ កុម្ភៈ) បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដែលកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញឥណ្ឌា មកត្រឹម ១៨% ពីអត្រា ៥០% ដ៏ខ្ពស់ពីមុន ជាថ្នូរនឹងការដែលឥណ្ឌា បញ្ឈប់ការទិញប្រេងរបស់រុស្ស៊ី និងកាត់បន្ថយរបាំងពាណិជ្ជកម្មលើទំនិញអាមេរិក។

លោក Trump បានប្រកាសកិច្ចព្រមព្រៀងនេះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយកត់សម្គាល់ថា ឥឡូវនេះ ឥណ្ឌានឹងទិញប្រេងពីសហរដ្ឋអាមេរិក និងអាចជាប្រេងរបស់វ៉េណេស៊ុយអេឡាជំនួសវិញ។ នៅថ្ងៃចន្ទដដែលនោះ លោក Modi បានថ្លែងអំណរគុណដល់លោក Trump ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ភ្លាមៗបន្ទាប់ពីលោក Trump បើកបង្ហាញកិច្ចព្រមព្រៀង។
លោក Trump បាននិយាយថា លោក Modi ក៏បានប្តេជ្ញាចិត្តថា ឥណ្ឌានឹង «ទិញទំនិញអាមេរិកក្នុងកម្រិតខ្ពស់ជាងនេះ» បន្ថែមពីលើការទិញថាមពលរបស់សហរដ្ឋអាមេរិកជាង ៥០០ពាន់លានដុល្លារ រួមទាំងធ្យូងថ្ម រួមជាមួយនឹងបច្ចេកវិទ្យា វិស័យកសិកម្ម និងផលិតផលផ្សេងៗទៀត។ លោកបន្តថា ឥណ្ឌាក៏នឹងឆ្ពោះទៅកាត់បន្ថយរបាំងពន្ធ និងរបាំងមិនមែនពន្ធរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយបន្ទាបមកត្រឹមអត្រាសូន្យភាគរយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងទាញសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងឥណ្ឌា ឱ្យខិតកាន់តែជិតស្និទ្ធនឹងគ្នា។ គួរឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទីមួយ និងឥណ្ឌា ដែលជាសេដ្ឋកិច្ចទីប្រាំរបស់ពិភពលោក មានតម្លៃជាង ១៩០ពាន់លានដុល្លារ៕

