មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលពីររូបបាននិយាយកាលពីថ្ងៃចន្ទ (២ កុម្ភៈ) ថា លោក Steve Witkoff បេសកជនជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល សម្រាប់កិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រមុខយោធាអ៊ីស្រាអែល ស្របពេលភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា នៅតែមិនអន់ថយ។

មន្ត្រីទាំងនោះបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Witkoff ទៅកាន់ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ នេះ ហើយកើតឡើងស្របពេលស្ថានការណ៍ក្ដៅគគុកជាមួយអ៊ីរ៉ង់ និងខណៈដែលរដ្ឋបាលលោក Trump កំពុងជំរុញផែនការសន្តិភាពរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។
អ៊ីរ៉ង់កំពុងថ្លឹងថ្លែងលក្ខខណ្ឌសម្រាប់ការបន្តកិច្ចចរចាជាមួយអាមេរិក ភ្លាមៗបន្ទាប់ពីភាគីទាំងពីរបានបង្ហាញការត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តផ្លូវការទូតលើជម្លោះនុយក្លេអ៊ែរដ៏យូរអង្វែងនិងបំបាត់ការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ថ្មីមួយ។
មន្ត្រីអ៊ីស្រាអែលនិយាយថា កិច្ចប្រជុំរបស់លោក Witkoff ជាមួយអ៊ីស្រាអែល នឹងក្លាយជាកិច្ចពិភាក្សាត្រៀមលក្ខណៈ នៅមុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់អាចនឹងបន្តឡើងវិញ។ លើសពីនេះ ជំនួបរបស់ប្រេសិតអាមេរិករូបនេះក៏នឹងតាមដានកិច្ចប្រជុំចុងសប្តាហ៍កន្លងទៅ រវាងប្រមុខយោធាអ៊ីស្រាអែល លោក Eyal Zamir ជាមួយសមភាគីអាមេរិកគឺលោកឧត្តមសេនីយ៍ Dan Caine នៅទីក្រុងវ៉ាស៊ីនតោន៕

