កាលពីថ្ងៃចន្ទ (២ កុម្ភៈ) ក្រសួងការបរទេសនៃប្រទេសកាតា បាននិយាយបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានៅទីក្រុងដូហាថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសកុងហ្គោ នឹងបញ្ជូនក្រុមដំបូងរបស់ខ្លួនទៅត្រួតពិនិត្យបទឈប់បាញ់រវាងរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាមឈ្មោះថា AFC/M23 ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កាតាបាននិយាយថា ក្រុមនេះនឹងត្រូវដាក់ពង្រាយទៅកាន់ទីក្រុង Uvira ជាទីក្រុងយុទ្ធសាស្ត្រមួយនៅភាគខាងកើតកុងហ្គោ ដែលយុទ្ធជនរបស់ក្រុមឧទ្ទាម AFC/M23 បានដណ្តើមកាន់កាប់កាលពីខែធ្នូឆ្នាំមុន ក្នុងអំឡុងការវាយលុកដ៏រហ័សមួយ ហើយបន្ទាប់មក កងកម្លាំងកុងហ្គោ និងកងជីវពលសម្ព័ន្ធមិត្ត បានចូលកាន់កាប់វិញនៅខែដដែលនោះ ដោយស្ដារការគ្រប់គ្រងរបស់រដ្ឋាភិបាលជាថ្មី ខណៈពួកឧទ្ទាមបានប្រកាសថាពួកគេនឹងដកថយ។
ក្រសួងការបរទេសកាតា បាននិយាយកាលពីថ្ងៃចន្ទថា កុងហ្គោ និងក្រុម M23 បានឯកភាពលើលក្ខខណ្ឌលម្អិត សម្រាប់យន្តការត្រួតពិនិត្យបទឈប់បាញ់ ដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានក្នុងខែតុលា ឆ្នាំមុន ហើយក៏បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ ដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំដដែលនោះ។
ការជំរុញចុងក្រោយបំផុតដើម្បីដាក់ដំណើរការសកម្មការត្រួតពិនិត្យបទឈប់បាញ់នេះ កើតឡើងស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្តឥតឈប់ឈរនៅភាគខាងកើត។ អាជ្ញាធរកុងហ្គោបាននិយាយថា កាលពីចុងសប្តាហ៍មុន យានដ្រូនដែលផ្ទុកដោយគ្រឿងផ្ទុះ បានកំណត់គោលដៅលើអាកាសយានដ្ឋានមួយភាគឦសាននៃប្រទេសកុងហ្គោ៕

