កងទ័ពស៊ីរី បានធ្វើដំណើរចូលទៅក្នុងទីក្រុងHasakah ភាគឦសាន ដែលកាលពីពេលមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃឺដ ជាជំហានដំបូងឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក។ ក្បួនរថយន្ត ត្រូវបានគេឃើញចូលទៅក្នុងទីក្រុងកាលពីថ្ងៃចន្ទប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)បានប្រកាសពីបម្រាមគោចរនៅទីនោះ។

កងកម្លាំងរដ្ឋាភិបាលស៊ីរី ក៏ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីក្រុង Kobane និងទីក្រុង Qamishli។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បានឈានដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលដើម្បីធ្វើសមាហរណកម្មជាមួយកងទ័ពស៊ីរី បន្ទាប់ពីកងកម្លាំងដឹកនាំដោយក្រុមឃឺដបានប្រគល់ទឹកដីទៅឱ្យកងទ័ពរដ្ឋាភិបាលដែលកំពុងរុលចូលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីភាពតានតឹងនិងការប៉ះទង្គិចគ្នាជាច្រើនខែ។
មន្ត្រីស៊ីរីម្នាក់និងប្រភពសន្តិសុខក្រុមឃឺដ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលដាក់ពង្រាយថា កងកម្លាំងរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងដាក់ទីតាំងនៅក្នុងអគាររដ្ឋស៊ីរីនៅក្នុងតំបន់ដែលគេហៅថា«តំបន់សន្តិសុខ» របស់ទីក្រុង Hasakah។

សារព័ត៌មាន Al Jazeera បានរាយការណ៍នៅក្រៅទីក្រុង Hasakah ថា «អ្វីដែលកំពុងកើតឡើងនៅទីនេះ គឺមានសារៈសំខាន់ខ្លាំង»។ សហរដ្ឋអាមេរិក បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្ពោះទៅរកការឯកភាព និងការផ្សះផ្សាបន្ទាប់ពីសង្គ្រាមរយៈពេល១៤ឆ្នាំ។