ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើការកែសម្រួលសមាសភាពដឹកនាំនៃគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ដោយប្រគល់ភារកិច្ចដល់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានវិញ បន្ទាប់ពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន មមាញឹកនឹងការងារមិនអាចបន្ដបំពេញការងារទៀតបាន។
ការបង្ហាញនូវសមាសភាពដឹកនាំរបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិ CAMSOC នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះក៏មានការពិនិត្យវឌ្ឍនភាពរបស់គណៈកម្មការទីលានផងដែរ។ ក្រោយចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន បានរៀបចំកែសមាសភាពដឹកនាំឡើងវិញ ដោយសារឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានគណៈកម្មការមុនមានការងារមមាញឹក និងរវល់ការងារផ្សេងៗ ក៏ផ្ទេរការងារនេះមកឲ្យឯកឧត្តម ផុស សុវណ្ណ ហើយឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រក្រសួងព័ត៌មានក៏បានឯកភាពផងដែរ ដើម្បីដាក់ចេញនូវគោលការណ៍ការងារមួយចំនួនក្នុងការជំរុញ និងបំផ្ទុះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ចំពោះសមាសភាពដឹកនាំរបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មានដែលត្រូវបានធ្វើការកែសម្រួលរួមមានឯកឧត្តម ផុស សុវណ្ណ ជាប្រធាន រួមជាមួយអនុប្រធាន ៤រូបគឺមានឯកឧត្តម ឃឹម វុទ្ធី, ឯកឧត្តម ថាច់ ផាណារ៉ុង, ឯកឧត្តម អ៊ុក វណ្ណឌី និងឯកឧត្តម វេង សុខហេង។ រីឯសមាជិកមាន ៩រូបរួមមានឯកឧត្តម អ៊ុក កំពូល, ឯកឧត្តម ជ្រឹម ឆេងលីម, លោកជំទាវ ឆន ណាវី, ឯកឧត្តម ថោ សេដ្ឋាឧត្តម, ឯកឧត្តម លន់ ហួរ, ឯកឧត្តម សាន ពុទ្ធារី, ឯកឧត្តម ប្រាក់ ម៉ៅម៉ូលីន, លោក ឈន វិបុល និងឯកឧត្តម ជា វុឌ្ឍី៕
អត្ថបទ៖ លី ឈុនឡា