កាលពីថ្ងៃចន្ទ (២ កុម្ភៈ) ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងខេត្ត Chubut ប្រទេសអាហ្សង់ទីន បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីទប់ស្កាត់ចំហេះព្រៃដ៏សន្ធោរសន្ធៅ ដែលបានដុតបំផ្លាញផ្ទៃដីប្រមាណ ៥ម៉ឺនហិកតាមកហើយ ដោយសង្ឃឹមថា អាចនឹងមានភ្លៀងធ្លាក់បន្តិចនិងសីតុណ្ហភាពត្រជាក់ជាងមុន ដើម្បីជួយបន្ធូរបន្ថយកម្លាំងអណ្ដាតភ្លើង។

ចំហេះព្រៃ ដែលជំរុញឱ្យកាន់តែខ្លាំងក្លាដោយខ្យល់បក់ខ្លាំងកាលពីចុងសប្តាហ៍ បានបង្ខំឱ្យអាជ្ញាធរបិទផ្លូវខេត្តចំនួនពីរជាបណ្ដោះអាសន្ន និងបានធ្វើឱ្យក្រុមពន្លត់អគ្គិភ័យត្រូវបង្ខំចិត្តដកថយដើម្បីសុវត្ថិភាព មុនពេលបន្តប្រតិបត្តិការឡើងវិញកាលពីថ្ងៃចន្ទ។ ចំហេះនៅព្រៃ Patagonia បានបំផ្លាញតំបន់មួយដែលមានទំហំធំជាងទីក្រុងប៊ុយណូស៊ែ ដល់ទៅពីរដង។
ផ្ទៃដីដ៏ធំល្វឹងល្វើយនៃឧទ្យានជាតិ Los Alerces របស់អាហ្សង់ទីន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឥឡូវនេះកំពុងស្ថិតនៅក្នុងអណ្ដាតភ្លើង។ ចំហេះនេះគឺជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ដែលបានវាយប្រហារតំបន់ Patagonia ដ៏ស្ងួតហួតហែងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយបានបំផ្លាញផ្ទៃដីប្រមាណ ៥០.០០០ហិកតា ក្នុងរយៈពេលត្រឹមតែមួយខែកន្លះចុងក្រោយនេះ ដែលបង្ខំឱ្យមានការជម្លៀសប្រជាជន និងអ្នកទេសចររាប់ពាន់នាក់។
យោងតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់សហព័ន្ធបានឱ្យដឹងថា ចំហេះក្នុងដែនសមត្ថកិច្ចខេត្ត Chubut ឥឡូវនេះ គ្រប់គ្រងបានហើយ ប៉ុន្តែចំហេះព្រៃនៅក្នុងឧទ្យានជាតិ Los Alerces នៅតែបន្តរាលដាល៕
