ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបង្ហាញបេក្ខភាពគ្រូបង្វឹក និងកីឡាករជម្រើសជាតិដើម្បីបញ្ជូនទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមហើយ ដោយការបោះជុំរុំនេះមានរយៈពេលជិត ១សប្ដាហ៍ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការបោះជុំរុំហ្វឹកហាត់នៅថៃនេះមានកីឡាករ ៣រូបរួមមានកីឡាករ សៅ រង្ស៊ី ប្រភេទទម្ងន់ ៥៧គីឡូក្រាម, កីឡាករ ទូច ដេវីត ប្រភេទទម្ងន់ ៦០គីឡូក្រាម និងកីឡាករ វី សុភ័ស ប្រភេទទម្ងន់ ៦៩គីឡូក្រាមរួមជាមួយគ្រូបង្វឹកម្នាក់ដែលត្រូវដឹកនាំគឺលោក ជ័យ ណារ៉ា។ លោកបន្ដថា ការបោះជុំរុំហ្វឹកហាត់នេះ ម្ចាស់ផ្ទះថៃគឺជាអ្នកឧបត្ថម្ភថ្លៃសំបុត្រយន្ដហោះ ការហូបចុក និងស្នាក់នៅ គ្រាដែលអនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត បានឧបត្ថម្ភលើថ្លៃទិដ្ឋាការ ការទិញធានារ៉ាប់រងដល់កីឡាករ និងការពិនិត្យសុខភាពសម្រាប់ចូលរួមការប្រកួតជាដើម។ ក្រៅពីការហ្វឹកហាត់ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាក៏នឹងទទួលបានឱកាសចូលរួមប្រកួត Thailand Open International Boxing Tournament 2022 នៅខេត្ត Phuket ចាប់ពីថ្ងៃទី០១-១០ ខែមេសា ដើម្បីពង្រឹងសមត្ថភាពមុនត្រឡប់មកកម្ពុជា និងត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ បានចាត់ការបោះជុំរុំហ្វឹកហាត់ និងការប្រកួតនេះគឺជាឱកាសដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលក្នុងការពង្រឹង និងវាស់វែងកម្រិតបច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ដែលត្រូវប្រកួតពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ គួរដឹងថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគ្រោងបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន ៨រូបទៅចូលរួមគឺមានកីឡាករ ៦រូប និងកីឡាការិនី ២រូប៕
អត្ថបទ៖ លី ឈុនឡា