រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានប្រកាសថា ប្រទេសនេះ បានដាក់ទណ្ឌកម្មប្រឆាំងនឹងពលរដ្ឋអ៊ីរ៉ង់ចំនួន ២០នាក់ រួមទាំងតំណាងនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC អង្គភាពសម្រាំង នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅក្នុងបញ្ជីរបស់ខ្លួន។

លោកស្រី Wong បានថ្លែងថា៖«រដ្ឋាភិបាលអូស្ត្រាលីនៅអង្គារថ្ងៃនេះ កំពុងដាក់ទណ្ឌកម្មហិរញ្ញវត្ថុបន្ថែមទៀតប្រឆាំងនឹងបុគ្គលចំនួន ២០នាក់ និងអង្គភាពចំនួន ៣ ដែលត្រូវបានដាក់ទណ្ឌកម្មនៅថ្ងៃនេះ រួមមានមន្ត្រីជាន់ខ្ពស់ និងអង្គភាពនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ដែលជាប់ពាក់ព័ន្ធក្នុងការគាបសង្កត់ប្រជាជនអ៊ីរ៉ង់ បង្ក្រាបការតវ៉ាក្នុងស្រុកដោយហិង្សា និងគំរាមកំហែងដល់អាយុជីវិតទាំងក្នុង និងក្រៅអ៊ីរ៉ង់» ដោយកត់សម្គាល់ថា អាជ្ញាធរអូស្ត្រាលី បានដាក់ IRGC នៅក្នុងបញ្ជី ជាអ្នកឧបត្ថម្ភភេរវកម្មរបស់រដ្ឋ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីរូបនេះ ក៏បានរាយការណ៍ផងដែរថា រហូតមកទល់ពេលនេះ អូស្ត្រាលីបានដាក់ទណ្ឌកម្មលើពលរដ្ឋអ៊ីរ៉ង់ជាង ៣០០នាក់ និងអង្គភាពមួយចំនួន។
ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រីអាល់អ៊ីរ៉ង់ ហើយបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។ អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់មន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ភេរវករប្រដាប់អាវុធបានបង្ហាញខ្លួនក្នុងចំណោមក្រុមបាតុករ នៅថ្ងៃទី ០៨ ខែមករា។ អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំភាពចលាចលនេះ។ នៅថ្ងៃទី ២៣ ខែមករា លោក Araghchi បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារកុបកម្មបានកើនឡើងដល់ ៣.១១៧នាក់ ដោយមានទាំងជនស៊ីវិល និងមន្ត្រីសន្តិសុខស្ថិតក្នុងចំណោមជនរងគ្រោះ៕
