ការស្ទង់មតិថ្មីមួយលើជម្លោះចំនួន ២៣ នៅទូទាំងពិភពលោក បានបង្ហាញថា ជនស៊ីវិលជាង ១០០.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ១៨ខែ កន្លងមកនេះ ដោយការប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិឈានដល់ «ចំណុចបំបែកដ៏សំខាន់»។
ការស្ទង់មតិរបស់ «ក្រុមឃ្លាំមើលសង្គ្រាម» បានគូសបញ្ជាក់ពីសង្គ្រាមនៅតំបន់ហ្កាហ្សាជាតំបន់មួយ ដែលគួរឲ្យព្រួយបារម្ភបំផុតនៅក្នុង «ការរីករាលដាល» នៃអំពើហិង្សា ខណៈដែលបានកត់សម្គាល់នូវកម្រិតនៃភាពឃោរឃៅ នៅក្នុងប្រទេសស៊ូដង់។

ការស្ទង់មតិនេះ ធ្វើឡើង ពីខែកក្កដា ឆ្នាំ ២០២៤ ដល់ចុងឆ្នាំ ២០២៥ ក្រោមការឧបត្ថម្ភរបស់បណ្ឌិត្យសភាច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្សទីក្រុងហ្សឺណែវ។
អ្នកនិពន្ធឈានមុខគេ លោក Stuart Casey-Maslen បាននិយាយថា៖«ឧក្រិដ្ឋកម្មឃោរឃៅ កំពុងត្រូវបានប្រព្រឹត្តម្តងទៀត ពីព្រោះឧក្រិដ្ឋកម្មពីមុន ត្រូវបានអត់ឱន។ សកម្មភាព ឬអសកម្មរបស់យើង នឹងកំណត់ថាតើច្បាប់មនុស្សធម៌អន្តរជាតិបាត់ទៅវិញទាំងស្រុងឬអត់»។
នៅតំបន់ហ្កាហ្សា អាជ្ញាធរមូលដ្ឋាននិយាយថា កុមារចំនួន ១៨.៥៩២នាក់ និងស្ត្រីចំនួន ១២.៤០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបានឈ្លានពានដែនដីប៉ាឡេស្ទីន ក្នុងខែតុលា ឆ្នាំ ២០២៣។
របាយការណ៍នេះ បានឲ្យដឹងថា ចំនួនប្រជាជនសរុបរបស់តំបន់ហ្កាហ្សា បានធ្លាក់ចុះ «ប្រហែល ២៥៤.០០០នាក់ គឺធ្លាក់ចុះ ១០,៦ ភាគរយ បើប្រៀបធៀបទៅនឹងការប៉ាន់ស្មានមុនជម្លោះ» ដែលធ្វើឲ្យវាក្លាយជាជម្លោះបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុត នៅក្នុងពិភពលោក។ របាយការណ៍បានកត់សម្គាល់ថា ទោះបីជាមានការព្រមព្រៀងគ្នាលើបទឈប់បាញ់ នៅចុងឆ្នាំមុនក៏ដោយ ក៏ជនស៊ីវិលរងគ្រោះ នៅតែបន្តកើតមាន៕
