រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា លោកស្រីនឹងប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេស អេត្យូពី ដើម្បីផ្តោតលើវិធានការនានា ក្នុងការទប់ស្កាត់ការកើនឡើងនៃចំនួនជនអន្តោប្រវេសន៍មកពីតំបន់ញកអាហ្វ្រិក(Horn of Africa) ដែលកំពុងស្វែងរកការទៅដល់ចក្រភពអង់គ្លេស។
លោកស្រី Yvette Cooper បានលើកឡើងថា ភាពជាដៃគូបង្កើតការងារ នឹងរារាំងមនុស្សមិនឲ្យចាកចេញពីប្រទេសអេត្យូពី ខណៈដែលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែរឹងមាំ គឺមានសារៈសំខាន់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នករត់ពន្ធ និងបង្កើនល្បឿនការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ដែលគ្មានសិទ្ធិស្នាក់ នៅក្នុងប្រទេសអង់គ្លេស។

លោកស្រី Cooper បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងកំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាជំរុញសេដ្ឋកិច្ចនៃការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់និងក្រុមឧក្រិដ្ឋជនដែលធ្វើប្រតិបត្តិការ ទូទាំងពិភពលោក ដោយទទួលបានផលចំណេញពីការជួញដូរមនុស្ស»។
«ការងាររួមគ្នានេះ រួមបញ្ចូលទាំងភាពជាដៃគូថ្មី ដើម្បីកែលម្អពាណិជ្ជកម្ម និងបង្កើតការងារល្អៗរាប់ពាន់កន្លែង នៅក្នុងប្រទេសអេត្យូពី ដើម្បីឲ្យប្រជាជនអាចស្វែងរកជីវិតកាន់តែប្រសើរឡើង នៅក្នុងប្រទេសរបស់ពួកគេ ជំនួសឲ្យការធ្វើដំណើរដ៏គ្រោះថ្នាក់»។
រដ្ឋាភិបាលអង់គ្លេសជាបន្តបន្ទាប់ បានស្វែងរកការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលជាបញ្ហាមួយដែលបានជួយជំរុញគណបក្សកំណែទម្រង់ចក្រភពអង់គ្លេស ( Reform UK) របស់អ្នកធ្វើយុទ្ធនាការ ប្រជាជននិយម លោក Nigel Farage ឲ្យក្លាយជាគណបក្សនាំមុខគេ ក្នុងការស្ទង់មតិ៕
