យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានប្រាប់សមភាគីរបស់លោក គឺលោក Yamandu Orsi ថា ប្រទេសចិន និងអ៊ុយរូហ្គាយ គួរតែធ្វើការជាមួយគា្ន ដើម្បីជំរុញឲ្យមាន «ពិភពលោកមួយស្មើភាពគ្នា និងពហុពោលដែលមានសណ្ដាប់ធ្នាប់»។
ការទៅដល់របស់លោក Orsi គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអាមេរិកខាងត្បូង នៅរដ្ឋធានីរបស់ចិន គិតចាប់តាំងពីសហរដ្ឋអាមេរិកបានលុកលុយប្រទេសវ៉េណេស៊ុយអេឡា កាលពីខែមករា និងបានចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro អំឡុងការវាយឆ្មក់មួយ។

ដោយមានគោលបំណងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ លោក ស៊ី បានបញ្ជាក់នៅក្នុងការកត់សម្គាល់របស់លោកថា ប្រទេសចិន និងអ៊ុយរូហ្គាយ គួរតែ «ធ្វើការរួមគ្នា ដើម្បីជំរុញពិភពលោកពហុប៉ូលដែលស្មើភាពគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងផ្តល់ផលប្រយោជន៍ជាសកល»។
កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចជាច្រើនបន្តបន្ទាប់គ្នាទៅកាន់ប្រទេសចិន ដោយមេដឹកនាំលោកខាងលិច នៅឆ្នាំនេះ រាប់ចាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer រហូតដល់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo។
តាមរយៈការបញ្ចេញមតិយោបល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីលោកទៅដល់ទីក្រុងប៉េកាំង លោក Orsi បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ដែលនឹងបន្តរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ មានគោលបំណង «ធ្វើឲ្យអ៊ុយរូហ្គាយកាន់តែរឹងមាំ នៅលើឆាកអន្តរជាតិ ហើយបង្កើតឱកាស ការវិនិយោគ និងការអភិវឌ្ឍ»។ ប្រទេសចិនគឺជាគោលដៅធំជាងគេបំផុត សម្រាប់ផលិតផលកសិកម្មរបស់អ៊ុយរូហ្គាយ ចាប់ពីផលិតផលឈើកិន រហូតដល់សណ្តែកសៀង និងសាច់គោ។ អ៊ុយរូហ្គាយមានអតិរេកពាណិជ្ជកម្មចំនួន ១៨៧,១លានដុល្លារ ជាមួយចិន ក្នុងឆមាសទី១ នៃឆ្នាំ២០២៥។ ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ នាំចូលគ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងសារធាតុគីមីពីចិន៕
