ដោយសារការរៀបចំយូរ និងមិនសូវបង្ហាញព័ត៌មានលម្អិត កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបបង្កើតថ្មីរវាងសហរដ្ឋអាមេរិក និងឥណ្ឌា អាចនឹងផ្តល់ការធូរស្រាលបានតែផ្នែកពាណិជ្ជកម្មប៉ុណ្ណោះ ប៉ុន្តែមិនមានយន្តការយុទ្ធសាស្ត្រ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការបែកបាក់នៅក្នុងទំនាក់ទំនងទ្វេភាគីនោះទេ។
កិច្ចព្រមព្រៀងនេះនឹងឃើញសហរដ្ឋអាមេរិកបន្ថយអត្រាពន្ធពី ៥០ភាគរយ មកត្រឹម ១៨ភាគរយលើទំនិញផលិតនៅឥណ្ឌា ដូចជាគ្រឿងអលង្ការ និងវាយនភណ្ឌជាដើម។ នេះអាចធ្វើឲ្យឥណ្ឌាកាន់តែមានការប្រកួតប្រជែង នៅក្នុងវិស័យមួយចំនួន ទល់នឹងប្រទេសមហាអំណាចផលិតកម្ម និងនាំចេញ គឺចិន និងវៀតណាម ដែលឥឡូវនេះប្រឈមនឹងអត្រាពន្ធខ្ពស់ជាងឥណ្ឌា។ ជាថ្នូរវិញ ឥណ្ឌាត្រូវបានគេរាយការណ៍ថា នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើទំនិញអាមេរិកមកសូន្យ ពីអត្រាពន្ធជាមធ្យម ១៧ភាគរយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈសារមួយនៅលើបណ្ដាញសង្គម Truth Social ដែលលោកបាននិយាយថា កិច្ចព្រមព្រៀងមួយនេះ ត្រូវបានសម្រេចបន្ទាប់ពីមានការជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។
លោកប្រធានាធិបតីអាមេរិក មិនបានលើកឡើងអំពីពន្ធបន្ថែម ២៥ភាគរយដែលលោកបានដាក់ក្នុងខែសីហា ឆ្នាំ២០២៥ ឡើយ ពោលគឺជាការបន្ថែមពីលើពន្ធ «បដិការ» ២៥ភាគរយ ដើម្បីដាក់ទណ្ឌកម្មឥណ្ឌា ដោយសារការទិញប្រេងរបស់រុស្ស៊ី។ ប៉ុន្តែលោកបានសរសេរថា លោក Modi ក៏បានយល់ព្រម «ឈប់ទិញប្រេងរបស់រុស្ស៊ី» ដែលមានន័យថា ពន្ធសរុបឥឡូវនេះមានចំនួន ១៨ភាគរយ។
តែទោះយ៉ាងនេះក្ដី មិនមានពាក្យសម្ដីណាមួយ ដែលចេញពីឥណ្ឌា ក្នុងការប្តេជ្ញាចិត្តឈប់ទិញប្រេងនោះឡើយ ពីសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួន គឺរុស្ស៊ី ដែលផ្គត់ផ្គង់អាវុធភាគច្រើនដល់ឥណ្ឌា។ ហើយអ្វីដែលសំខាន់នោះ គឺថា ឥណ្ឌា និងសហភាពអឺរ៉ុប កាលពីថ្ងៃទី២៧ ខែមករា បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់មួយ បន្ទាប់ពីធ្វើការចរចាជាង ២ទសវត្សរ៍។ ការព្រមព្រៀងគ្នានេះ មានគោលបំណងកាត់បន្ថយពន្ធលើទំនិញស្ទើរតែទាំងអស់ដែលបានជួញដូរ រវាងភាគីទាំង២ ដែលកំពុងស្វែងរកការធ្វើពិពិធកម្មចេញពីប្រទេសចិន និងសហរដ្ឋអាមេរិក៕
