ការស្ទង់មតិមួយដែលធ្វើឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ DR បានបង្ហាញនៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ៦០ភាគរយនៃប្រជាជនដាណឺម៉ាក ឥឡូវនេះចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវ ដោយមានតិចជាង ១ភាគ៥ យល់ឃើញថា ប្រទេសនៅក្នុងអង្គការណាតូ (NATO) ជាមួយគ្នានេះ គឺជាសម្ព័ន្ធមិត្ត។

ប្រទេសដាណឺម៉ាក គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំជាប្រពៃណីរបស់សហរដ្ឋអាមេរិក ហើយបន្តចាត់ទុកទីក្រុងវ៉ាស៊ីនតោនថា ជា «សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត» ប៉ុន្តែភាពតានតឹង បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញគោលបំណងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដណ្តើមកាន់កាប់កោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។
តាមរយៈលទ្ធផលនៃការស្ទង់មតិថ្មី ប្រព័ន្ធផ្សព្វផ្សាយ DR បានរាយការណ៍ថា នៅពេលសួរត្រូវបានថា តើពួកគេនឹងពណ៌នាសហរដ្ឋអាមេរិកថា «ជាសម្ព័ន្ធមិត្ត ឬជាសត្រូវ» ដោយគិតលើស្ថានភាពបច្ចុប្បន្ន មានតែ ១៧ភាគរយប៉ុណ្ណោះ ដែលប្រាប់ថា ពួកគេចាត់ទុកមហាអំណាចមួយនេះជា «សម្ព័ន្ធមិត្ត»។ អ្នកឆ្លើយតប ២០ភាគរយ បាននិយាយថា ពួកគេមិនដឹងឡើយ ហើយ ៣ភាគរយ បានតបថា ពួកគេមិនចង់ឆ្លើយទេ។
លោក Trump កាលពីខែមករា បានបញ្ឈប់ការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមគ្រប់គ្រងដែនដីអាក់ទិកមួយនេះ ដែលតាមរយៈប្រទេសដាណឺម៉ាក គឺជាសមាជិកនៃសហភាពអឺរ៉ុប និងអង្គការណាតូ។ ការគំរាមកំហែងរបស់លោក បានធ្វើឲ្យសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកធ្លាក់ចូលទៅក្នុងវិបត្តិដ៏ជ្រៅបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនវិភាគ Epinion ដែលបានស្ទង់មតិប្រជាជនដាណឺម៉ាកចំនួន ១,០៥៣នាក់ដែលមានអាយុលើសពី ១៨ឆ្នាំ ចន្លោះថ្ងៃទី២១ ខែមករា និងថ្ងៃទី២៨ ខែមករា៕
