ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើង នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) ក្នុងផ្សារមួយ នៅភាគខាងលិចនៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ តែមូលហេតុនៃអគ្គិភ័យនេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។

លោក Mohammad Behnia ប្រធានប្រតិបត្តិការនៃទីភា្នក់ងារសង្គ្រោះបន្ទាន់ទីក្រុងតេអេរ៉ង់ បាននិយាយថា អគ្គិភ័យនេះ «រហូតមកដល់ពេលនេះ មិនទាន់បណ្តាលឲ្យមានអ្នករងរបួសនៅឡើយទេ»។
ទូរទស្សន៍រដ្ឋបានដកស្រង់សម្តីអ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតេអេរ៉ង់ ដែលបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះនៅផ្សារមួយកន្លែង ក្នុងតំបន់ Jannat Abad នៅភាគខាងលិចនៃទីក្រុងតេអេរ៉ង់ ជាតំបន់មួយដែលពេញទៅដោយតូបលក់ដូរ និងហាងលក់ទំនិញ។
លោក Jalal Maleki បាននិយាយថា៖ «អគ្គិភ័យនេះរីករាលដាលយ៉ាងទូលំទូលាយ រហូតដល់អាចមើលឃើញពីតំបន់ផ្សេងៗនៃទីក្រុងតេអេរ៉ង់»។
ទូរទស្សន៍រដ្ឋ បានផ្សាយថា អ្នកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីទប់ស្កាត់អណ្ដាតភ្លើង។ វីដេអូនៃអគ្គិភ័យបានបង្ហាញឲ្យឃើញពីផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកហុយឡើងទ្រលោមទៅលើមេឃ និងគ្របដណ្តប់លើតំបន់ជុំវិញនោះ៕
