លោក Ali Shamkhani ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រាប់សារព័ត៌មាន Al Mayadeenថា អ៊ីរ៉ង់មិនមានបំណងដឹកជញ្ជូនឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចមានធាតុសុទ្ធកម្រិតខ្ពស់ទៅកាន់ប្រទេសទី៣ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេ។

លោកបានឆ្លើយតបទៅនឹងសំណើមួយថា៖«គ្មានហេតុផលណាមួយ ដើម្បីដឹកជញ្ជូនសម្ភារៈដែលរក្សាទុកនៅខាងក្រៅអ៊ីរ៉ង់ទេ»។ «អ៊ីរ៉ង់មិនមានបំណងនាំចេញឃ្លាំងស្តុកនុយក្លេអ៊ែររបស់ខ្លួនទៅក្រៅប្រទេសទេ»។
លោក Shamkhani ក៏បានបញ្ជាក់ផងដែរថា អ៊ីរ៉ង់មិនកំពុងព្យាយាមទាញយកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ពីក្រោមបំណែកបាក់បែក ហើយមិនដឹងពីបរិមាណរបស់វាទេ។ លោកបាននិយាយថា៖«បរិមាណអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច នៅតែមិនទាន់ដឹងនៅឡើយ ដោយសារឃ្លាំងស្តុកទាំងនោះ ត្រូវបានកប់នៅក្រោមកម្ទេចកម្ទី។ បច្ចុប្បន្នមិនមានគំនិតផ្តួចផ្តើមណាមួយ ដើម្បីទាញយកវាចេញទេ ដោយពិចារណាលើហានិភ័យដែលពាក់ព័ន្ធ» ដោយបន្ថែមថា ការចរចាកំពុងដំណើរការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ( IAEA) ទាក់ទងនឹងការចូលទៅទីតាំងរក្សាទុកអ៊ុយរ៉ានីញ៉ូមទាំងនោះ និងការវាយតម្លៃ៕
