រុស្ស៊ី៖ តុលាការនិយាយថា ស្ត្រីជនជាតិរុស្ស៊ីម្នាក់ដែលបានលើកបដា តវ៉ាប្រឆាំងនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អំឡុងពេលផ្សាយផ្ទាល់ក្នុងកម្មវិធីព័ត៌មានខ្លីនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី ត្រូវបានតុលាការផាកពិន័យចំនួន 30,000 roubles ស្មើនឹង ២៨០ដុល្លារកាលពីថ្ងៃអង្គារ បន្ទាប់ពីវិមានក្រឹមឡាំងបានហៅសកម្មភាពតវ៉ារបស់ស្ត្រីរូបនោះថា ជាអំពើទុច្ចរិត។

តុលាការនិយាយថា ស្ត្រីឈ្មោះ Marina Ovsyannikova ជាបុគ្គលិកខាងផ្នែកកាត់តព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ Channel One ត្រូវបានរកឃើញថា មានទោសកំហុសទាក់ទងនឹងការបំពានច្បាប់តវ៉ា។ ភ្លាមៗនេះគេមិនទាន់ច្បាស់ទេថា តើស្ត្រីរូបនេះអាចប្រឈមនឹងបទចោទប្រកាន់ដែរ ឬយ៉ាងណា ឬរងការចោទប្រកាន់ធ្ងន់ធ្ងរជាងនេះ ឬអត់។ គេពុំទាន់អាចសុំការអត្ថាធិប្បាយពីមេធាវីរបស់ស្ត្រីរូបនេះបាននៅទេ។ ស្ត្រី Ovsyannikova បានតវ៉ាបង្ហាញការមិនពេញចិត្តរបស់ខ្លួនកាលពីយប់ថ្ងៃចន្ទ នៅពេលស្ត្រីរូបនេះកាន់បដាសរសេរឃ្លាប្រឆាំងសង្គ្រាម កុំជឿការឃោសនា និងកុំជឿពួកគេនៅទីនេះកំពុងកុហសអ្នក ឈរនៅពីក្រោយអ្នកអត្ថាធិប្បាយព័ត៌មាននៅលើប៉ុស្តិ៍ទូរទស្សន៍ Channel One និងបានស្រែកពាក្យស្លោកថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
អត្ថបទ៖ សុខមាន