ប្រភពកងទ័ពចំនួនពីរ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារនេះថា កងកម្លាំងកងទ័ពស៊ូដង់ បានបំបែកការឡោមព័ទ្ធរបស់យោធាប៉ារ៉ាលើរដ្ឋធានី Kadugli នៃរដ្ឋ South Kordofan។
ម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយថា៖«កងកម្លាំងរបស់យើង បានចូលទៅក្នុងទីក្រុង Kadugli ហើយបានដកការឡោមព័ទ្ធទាំងស្រុង»។
ទីក្រុង Kadugli ជាកន្លែងដែលអង្គការសហប្រជាជាតិ បានបញ្ជាក់ពីទុរ្ភិក្សកាលពីឆ្នាំមុន ត្រូវបានឡោមព័ទ្ធអស់រយៈពេលយ៉ាងយូរនៃសង្គ្រាមជិតបីឆ្នាំរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស ដែលបានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣។

ទីក្រុងនេះ ត្រូវបានឡោមព័ទ្ធដោយយុទ្ធជនរបស់កងកម្លាំងគាំទ្ររហ័ស( RSF)និងសម្ព័ន្ធមិត្តក្នុងស្រុករបស់ពួកគេ ដែលជាក្រុមមួយនៃចលនារំដោះប្រជាជនស៊ូដង់ខាងជើងដឹកនាំដោយលោក Abdelaziz El-Hilu។
សម្ព័ន្ធមិត្តក៏បានឡោមព័ទ្ធទីក្រុង Dilling ជិតខាង ដែលអង្គការសហប្រជាជាតិបាននិយាយថា បានរងទុក្ខលំបាកដោយស្ថានភាពទុរ្ភិក្សស្រដៀងគ្នា មុនពេលកងទ័ព បានសម្រុកចូលក្នុងទីក្រុងនេះ នៅចុងខែមករា៕
