នៅថ្ងៃអង្គារនេះ រុស្ស៊ីបានចាប់ផ្តើមបើកការវាយប្រហារឡើងវិញលើរដ្ឋធានីគីវដែលស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំងរបស់អ៊ុយក្រែន ស្របពេលដែលបទឈប់បាញ់រយៈពេលខ្លីប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅតែបើកផ្លូវឲ្យមានការវាយប្រហារថ្មីនេះ ។
លោក Trump និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមឈប់វាយប្រហារទីក្រុងគីវ និងទីក្រុងជាច្រើនទៀត អំឡុងអាកាសធាតុត្រជាក់ ។
វិមានក្រឹមឡាំងនិយាយថា បទឈប់បាញ់ អូសបន្លាយពេលរហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែពួកគេពុំបានភ្ជាប់វាទៅហ្នឹងសីតុណ្ហភាពក្រោមសូន្យអង្សាសេនោះទេ ។ អ៊ុយក្រែននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ នៅតែបន្តការវាយប្រហាររបស់ពួកគេដដែល ។

លោក Tymur Tkachenko គឺជាប្រធានរដ្ឋបាលយោធាក្រុងគីវ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃអង្គារនេះថា រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំមួយទៀតទាំងយប់លើទីក្រុងគីវ ដែលកំពុងស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំងបំផុត ។
សេវាកម្មសង្រ្គោះបន្ទាន់និយាយនៅក្នុងសារបង្ហោះតាមអនឡាញថា មនុស្ស ៣នាក់ នៅក្នុងទីក្រុងគីវ បានរងរបួស ។
ដោយឡែក មេបញ្ជាការយោធាក្នុងតំបន់លោក Oleg Synegubovនិយាយថា នៅទីក្រុងភាគខាងកើត Kharkiv មនុស្ស ២នាក់ បានរងរបួស ដោយសារការផ្លោងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី ។
លោក Synegubov សរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ការវាយប្រហាររយៈពេលច្រើនម៉ោង មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងមានគោលដៅបង្កឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ បណ្តាលឲ្យទីក្រុង Kharkiv គ្មានថាមពលប្រើប្រាស់ អំឡុងស្ថានភាពត្រជាក់ធ្ងន់ធ្ងរ ៕
