ក្នុងអំឡុងពេលពិគ្រោះយោបល់ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ អ្នកការទូតចិន និងរុស្ស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការជំរុញការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាព ទូទាំងពិភពលោក។ នេះបើយោងតាមក្រសួងការបរទេសចិន។
សេចក្តីថ្លែងការណ៍នេះ បានកត់សម្គាល់ថា៖«ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ស្ថិរភាពជាយុទ្ធសាស្ត្រសកលកំពុងស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ»។ «ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ីនឹងបន្តបង្កើនការសម្របសម្រួលជាយុទ្ធសាស្ត្រ គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះពហុភាគីនិយម និងគាំទ្រយ៉ាងសកម្មនូវសិទ្ធិអំណាច និងប្រសិទ្ធភាពនៃសន្ធិសញ្ញា និងយន្តការគ្រប់គ្រងអាវុធអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញសន្តិភាព និងសន្តិសុខអន្តរជាតិ»។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយបន្ទាប់ពីការពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Sergey Ryabkov។

ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាយ៉ាងទូលំទូលាយលើបញ្ហាទាំងនេះ។
នាពេលថ្មីៗនេះ ក្រសួងការបរទេសរុស្ស៊ី បានបង្ហាញថា លោក Ryabkov ក៏បានលើកយកបញ្ហាស្ថិរភាពជាយុទ្ធសាស្ត្រ ការគ្រប់គ្រងអាវុធ និងការរំពឹងទុកសម្រាប់ភាពជាដៃគូជាមួយបណ្តាប្រទេសប្រ៊ីក (BRICS) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងប៉េកាំង៕
