ព័រទុយហ្គាល់ កំពុងត្រៀមប្រឈមនឹងព្យុះថ្មី ដែលអាជ្ញាធរព្រមានថា អាចបង្កឲ្យមានទឹកជំនន់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត ខណៈដែលប្រទេសនេះនៅតែជួបនឹងផលវិបាកដោយសារព្យុះ Kristin។
វិទ្យាស្ថានសមុទ្រ និងបរិយាកាសព័រទុយហ្គាល់ (IPMA) កាលពីយប់ថ្ងៃចន្ទ (ទី២ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ព្យុះថ្មីដែលមានឈ្មោះថា Leonardo ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបក់បោកលើដីគោករបស់ព័រទុយហ្គាល់ ចាប់ពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែកុម្ភៈ។

ឧបទ្វីបអាយបឺរៀន (Iberian Peninsula) បានជួបប្រទះនឹងព្យុះជាបន្តបន្ទាប់ដែលនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ ធ្លាក់ព្រិល និងខ្យល់បក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ កំពុងប្រឈមនឹងអ្វីដែលអ្នកស្រុកខ្លះពិពណ៌នាថា ជារដូវរងាដែលមានភ្លៀងធ្លាក់ជោកជាំជាលើកដំបូង ក្នុងរយៈពេល ៤០ឆ្នាំ។
IPMA បានបញ្ជាក់ថា ព្យុះ Leonardo អាចនាំឲ្យមានភ្លៀងធ្លាក់ខ្លាំងជាប់រហូត និងពេលខ្លះ ដោយមានខ្យល់បក់ក្នុងល្បឿនរហូតដល់ ៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោង តាមបណ្តោយឆ្នេរភាគខាងត្បូងនៃជ្រោយ Cabo Mondego ក្នុងតំបន់ភាគកណ្តាលរបស់ប្រទេស និង ៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតំបន់ខ្ពង់រាប។
តែខ្យល់បក់ខ្លាំងនេះ គួរតែមិនខ្លាំងដល់ខ្យល់របស់ព្យុះ Kristin ដែលមានល្បឿនលើសពី ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានបក់បោកលើគោកនៃភាគកណ្តាលរបស់ព័រទុយហ្គាល់ តាំងពីព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ដោយបានបណ្ដាលឲ្យយ៉ាងហោចណាស់មនុស្ស ៦នាក់បាត់បង់ជីវិត និងបានបំផ្លិចបំផ្លាញផ្ទះសម្បែង រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕
