ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ ទោះបីជាកើតឡើងនូវបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីយ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ការនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា-ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៉ីទេ ពោលគឺនៅតែបន្តសកម្មភាពជាធម្មតា។ នេះតាមការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
នៅក្នុងសន្និសីទកាសែត កាលពីកន្លងទៅនេះនៅរាជធានីភ្នំពេញ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជុំវិញបញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន មិនទាន់ជះផលអាក្រក់ ឬវិជ្ជមានមកដល់កម្ពុជាទេ លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។
ឯកឧត្តម បានបន្តថា មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់កម្ពុជាទៅកាន់ប្រទេសរុស្សីនៅតែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ក៏នៅតែធម្មតាដូចគ្នា និងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់បន្ថែមជុំវិញតម្លៃប្រេងឥន្ធនៈថា កាលពីសប្តាហ៍កន្លងទៅ ប្រេងឆៅមានតម្លៃ ១៣១ដុល្លារ ក្នុង១បារ៉ែល ហើយសប្តាហ៍បន្ទាប់ថ្លៃ ១៤៥ដុល្លារ ក្នុង១បារ៉ែល ហើយអាចបន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។
ឯកឧត្តម បានបន្ថែមថា បញ្ហានេះ គឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ។ដូច្នេះអ្វីៗនឹងត្រឡប់មករកប្រក្រតីភាពវិញនៅពេលឆាប់ៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី មានចំនួនជាង ៩៤លានដុល្លារ កើនឡើងជាង ៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួនជាង ៦៣លានដុល្លារអាម៉េរិក។
ដោយឡែក ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១ មានចំនួនជាង ៨.៥៦ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី


