វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា ពួកគេពុំបានឮសេចក្តីថ្លែងការណ៍ណាមួយពីឥណ្ឌា ជុំវិញការឈប់ទិញប្រេងរុស្ស៊ីនោះទេ ហើយទីក្រុងមូស្គូ មានបំណងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តជាមួយទីក្រុងញូវដែលី ។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកិច្ចព្រមព្រៀងនេះ តាមរយៈសារមួយនៅលើបណ្ដាញសង្គម Truth Social ដែលលោកបាននិយាយថា កិច្ចព្រមព្រៀងមួយនេះ ត្រូវបានសម្រេចបន្ទាប់ពីមានការជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ លោកថា លោក Modi យល់ព្រមឈប់ទិញប្រេងរបស់រុស្ស៊ីដែលមានន័យថា ពន្ធសរុបឥឡូវនេះមានចំនួន ១៨ភាគរយប៉ុណ្ណោះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ីឲ្យតម្លៃទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា ហើយនិងបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តរបស់ខ្លួន ។
លោកបន្តថា ជាការពិតណាស់ថា ពួកយើងនៅបន្តតាមដានព័ត៌មានទាំងអស់លើវិធានបទមួយនេះឲ្យបានដិតដល់បំផុត ។ ពិតណាស់ថា ពួកយើងចាប់អារម្មណ៍លើសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump ។ ពួកយើងកត់ចំណាំវា និងវិភាគវាដោយការប្រុងប្រយ័ត្ន ។
លោកនិយាយទៀតថា ពួកយើងគោរពច្រើននូវទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក-ឥណ្ឌា ហើយអ្វីដែលពួកយើងឲ្យតម្លៃច្រើនជាងនេះ គឺភាពជាដៃគូយុទ្ធសាស្រ្តដ៏ជឿនលឿនរបស់ពួកយើងជាមួយឥណ្ឌា ។ នេះគឺជារឿងសំខាន់សម្រាប់ពួកយើង ហើយពួកយើងចង់បន្តអភិវឌ្ឍបន្ថែមទៀត ទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងញូវដែលី ៕