អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានអំពាវនាវរកជំនួយចំនួន ១ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិសុខភាព ក្នុងឆ្នាំ២០២៦ នេះ នៅទូទាំងតំបន់មានគ្រោះអាសន្នធ្ងន់ធ្ងរបំផុតចំនួន ៣៦ របស់ពិភពលោក ក្នុងនោះរួមមានទាំងតំបន់ហ្កាហ្សា ប្រទេសស៊ូដង់ ហៃទី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានប៉ាន់ប្រមាណថា មនុស្សចំនួន ២៣៩លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ក្នុងឆ្នាំ២០២៦ ហើយថវិកានេះនឹងរក្សាឲ្យសេវាសុខភាពសំខាន់ៗបន្តមានប្រតិបត្តិការ។
លោក Chikwe Ihekweazu ប្រធានផ្នែកសង្គ្រោះបន្ទាន់សុខភាពរបស់ WHO បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «១ភាគ៤ នៃប្រជាជន ១ពាន់លាននាក់ កំពុងរស់នៅក្នុងវិបត្តិមនុស្សធម៌ដែលធ្វើឲ្យបាត់ការការពារជាមូលដ្ឋានធំបំផុត នោះគឺសុវត្ថិភាព ជម្រក និងការទទួលបានការថែទាំសុខភាព»។
លោកបានព្រមានថា «នៅក្នុងបរិបទទាំងនេះ តម្រូវការផ្នែកសុខភាពកំពុងកើនឡើង ពោលគឺមិនថា ដោយសាររបួស ការផ្ទុះឡើងនូវជំងឺ កង្វះអាហារូបត្ថម្ភ ឬជំងឺរ៉ាំរ៉ៃដែលមិនបានព្យាបាលនោះឡើយ។ យ៉ាងណាក៏ដោយ លទ្ធភាពទទួលបានការថែទាំ កំពុងថយចុះ»។
សំណើសុំជំនួយសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារនេះ គឺទាបជាងច្រើន បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិផ្ដល់មូលនិធិសកល សម្រាប់ប្រតិបត្តិការជំនួយ។
ទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកផ្តល់ជំនួយដ៏ធំបំផុតជាប្រពៃណីរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានកាត់បន្ថយការចំណាយលើជំនួយបរទេស ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដោយនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែងវិញ ក្នុងខែមករា ឆ្នាំ២០២៥ បានប្រគល់សេចក្តីជូនដំណឹងដកខ្លួនរយៈពេល ១ឆ្នាំរបស់ប្រទេសលោកទៅ WHO។ នៅឆ្នាំ២០២៥ WHO បានអំពាវនាវសុំជំនួយ ១,៥ពាន់លានដុល្លារអាមេរិក ប៉ុន្តែលោកវេជ្ជបណ្ឌិត Ihekweazu បាននិយាយថា មានតែ ៩០០លានដុល្លារប៉ុណ្ណោះ ដែលត្រូវបានផ្តល់ជូន៕