ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានឲ្យដឹងនៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ) នេះថា នគរបាលបារាំងបានឆ្មក់ចូលការិយាល័យបណ្តាញទំនាក់ទំនងសង្គម X របស់លោក Elon Musk ហើយរដ្ឋអាជ្ញាបានបញ្ជាឲ្យមហាសេដ្ឋីបច្ចេកវិទ្យារូបនេះទៅឆ្លើយសំណួរនៅក្នុងខែមេសា ទាក់ទងនឹងការស៊ើបអង្កេតយ៉ាងទូលំទូលាយ លើវេទិកានេះ។
ការឆ្មក់ចូល និងការកោះហៅលោក Musk នេះ ដែលអាចបង្កើនភាពតានតឹងបន្ថែមទៀត រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបច្ចេកវិទ្យាធំៗ និងសេរីភាពនៃការនិយាយស្ដី ត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតរយៈពេល ១ឆ្នាំលើការរំលោភបំពានក្បួនដោះស្រាយ (Algorithm) និងការទាញយកទិន្នន័យដោយខុសច្បាប់ ពីសំណាក់បណ្ដាញសង្គម X ឬនាយកប្រតិបត្តិរបស់វា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានឲ្យដឹងថា ខ្លួនកំពុងពង្រីកការស៊ើបអង្កេតនោះ បន្ទាប់ពីមានពាក្យបណ្តឹង ជុំវិញមុខងាររបស់កម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) Grok របស់បណ្ដាញសង្គម X។
ការស៊ើបអង្កេត ឥឡូវនេះក៏នឹងស៊ើបផងដែរពីការជាប់ពាក់ព័ន្ធដែលត្រូវបានចោទប្រកាន់ថា បាន «រក្សាទុក និងចែកចាយ» រូបភាពអាសអាភាសរបស់កុមារ និងការរំលោភសិទ្ធិរូបភាពរបស់បុគ្គល ដោយកាត់តរូបភាព ឬវីដេអូតាមបច្ចេកវិទ្យា AI គឺ Deepfake ដែលមានលក្ខណៈអាសអាភាស ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌដែលអាចមានផ្សេងទៀត។
លោក Musk និងអតីតនាយកប្រតិបត្តិ លោកស្រី Linda Yaccarino ត្រូវបានកោះហៅឲ្យចូលរួមសវនាការ នៅថ្ងៃទី២០ ខែមេសា។ បុគ្គលិកក្រុមហ៊ុនបណ្ដាញ X ផ្សេងទៀត ក៏ត្រូវបានកោះហៅឲ្យធ្វើជាសាក្សីផងដែរ។ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ ពីបណ្ដាញសង្គម X ពាក់ព័ន្ធនឹងករណីនេះ។ កាលពីខែកក្កដាឆ្នាំមុន លោក Musk បានបដិសេធការចោទប្រកាន់ដំបូង ហើយបាននិយាយថា រដ្ឋអាជ្ញាបារាំងកំពុងចាប់ផ្តើម «ការស៊ើបអង្កេតព្រហ្មទណ្ឌដែលមានហេតុផលនយោបាយ»៕