ព្រះសីហនុ៖ អគារសំណង់នៅខេត្តព្រះសីហនុដែលបានផ្អាក និងទុកចោល ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈជាង២ឆ្នាំកន្លងមកបច្ចុប្បន្ន ម្ចាស់គម្រោងវិនិយោគលើវិស័យសំណង់អគារទាំងនោះ បានចាប់ផ្តើមបន្តអភិវឌ្ឍន៍គម្រោងសាងសង់របស់ខ្លួនជាបណ្តើរៗ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទ ជាមួយភ្នាក់ងារអ្នក យកព័ត៌មាន BTV នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ និងបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន បច្ចុប្បន្នខេត្តព្រះសីហនុ មានជើងហោះហើរពីក្រៅប្រទេស មកកាន់ខេត្តព្រះសីហនុ ជាបណ្តើរៗហើយ តែមិនទាន់មានស្ថានភាពគគ្រឹកគគ្រេង ដូចនៅមុនវិបត្តិនៃជម្ងឺកូវីដ១៩ បានផ្ទុះឡើងនៅឡើយ។
លោក បន្តថា ស្របពេលដែលខេត្តព្រះសីហនុ មានជើងយន្តហោះចុះមកជាបណ្តើរៗនោះ ចំពោះវិស័យសំណង់ចាស់ៗដែលបានទុកចោល បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាលជម្ងឺកូវីដ ១៩ បច្ចុប្បន្នត្រូវបានសង្កេតឃើញមានការសាងសង់ឡើងវិញជាបណ្តើរៗហើយ ភាគច្រើនគឺម្ចាស់ដើម បានងាកមកអភិវឌ្ឍន៍បន្ត។
ជុំវិញវិស័យអចលនទ្រព្យនេះ,លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺបានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយ ដូចជានៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, កំពត និងមួយផ្នែកនៅខេត្តសៀមរាបជាដើម ដោយក្នុងនោះចំពោះតម្លៃនៃអចលនទ្រព្យ គឺបានឈរនៅទ្រឹងដ៏ដែល ខណៈដែលការទិញលក់ នៅក្នុងវិស័យមិនទាន់មានសកម្មភាពផុលផុសដូចដើម។
ជុំវិញអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្អាក បន្ទាប់ពីវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩, ថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការទាក់ទាញអ្នកវិនិយោគលើអគារខ្ពស់ៗមកវិនិយោគបន្តវិញ ឬលក់ទៅឲ្យអ្នកផ្សេងដែលមានគម្រោងវិនិយោគលើផ្នែកនេះ គឺដើម្បីជម្រុញអភិវឌ្ឍន៍អគារខ្ពស់ៗ បានបញ្ចប់ការសាងសង់ មានប្រតិបត្តិការ និងដំណើរឡើងវិញ។
គម្រោងនេះ គឺស្របពេលរាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ក្នុងការជម្រុញអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដែលកិច្ចការនៃការរៀបចំនេះត្រូវការរយៈពេលវែង ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត ដែលផែនការនេះនឹងគិតគូរគ្រប់ជ្រុងជ្រោយ និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធអស់៕អត្ថបទ៖ សុន រ៉ាឌី
