វិមានក្រឹមឡាំងបានព្រមានកាលពីថ្ងៃអង្គារ ៣កុម្ភៈថា ពិភពលោកអាចនឹងធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់ជាងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ប្រសិនបើសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយដែលនៅសល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកមិនត្រូវបានបន្ត។
សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០ នឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ៥កុម្ភៈសប្ដាហ៍នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សំណើមួយដែលដាក់ចេញដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបន្តសន្ធិសញ្ញានៅតែមានសុពលភាព ប៉ុន្តែរុស្ស៊ីមិនទាន់ទទួលបានការឆ្លើយតបពីសហរដ្ឋអាមេរិកនៅឡើយទេ។
ដោយសង្កត់ធ្ងន់លើភាពបន្ទាន់នៃស្ថានភាព លោក Peskov បាននិយាយថា ពួកលោកជឿថារឿងនេះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សន្តិសុខសកល និងយុទ្ធសាស្ត្រ។ សំណើរបស់រុស្ស៊ីនៅតែស្ថិតនៅលើតុសម្រាប់រយៈពេលប៉ុន្មានថ្ងៃដែលនៅសល់។
កាលពីខែកញ្ញា ឆ្នាំ ២០២៥ លោក Putin បាននិយាយថា រុស្ស៊ីនឹងបន្តគោរពតាមដែនកំណត់ស្នូលនៃសន្ធិសញ្ញារយៈពេលមួយឆ្នាំបន្ទាប់ពីការផុតកំណត់ ដោយស្នើសហរដ្ឋអាមេរិកចៀសវាងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពយុទ្ធសាស្ត្រមានស្រាប់។
សន្ធិសញ្ញា New START ក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ ឆ្នាំ ហើយក្រោយមកត្រូវបានពង្រីកទ្វេភាគីដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ។ សន្ធិសញ្ញានេះគឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ដែលនៅសល់រវាងប្រទេសទាំងពីរបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមក្នុងឆ្នាំ២០១៩៕

