កងកម្លាំងសន្តិសុខមានទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃស៊ីរីបន្តដាក់ពង្រាយនៅតំបន់ដែលគ្រប់គ្រងដោយក្រុមកងកម្លាំងជនជាតិភាគតិចឃឺដ(Kurdish)នៅភាគឦសានស៊ីរីកាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងទីក្រុងដាម៉ាស (Damascus) និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃឺដ SDF។

ក្បួនរថយន្តកងកម្លាំងសន្តិសុខបានចូលទៅក្នុងទីក្រុង Qamishli ដែលមានជនជាតិឃឺដភាគច្រើន នៅតំបន់ជនបទខេត្ត al-Hasakah ជាទីដែលពួកគេបានចូលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក។

ក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងសន្តិសុខមួយចំនួនតូចដែលរាយការណ៍ទៅក្រសួងមហាផ្ទៃនឹងចូលទៅក្នុងតំបន់នានាដែលមានជនជាតិឃឺដភាគច្រើន។ អាណត្តិរបស់ពួកគេត្រូវបានកំណត់ចំពោះការធានាសុវត្ថិភាពស្ថាប័នដែលជាប់ពាក់ព័ន្ធរបស់រដ្ឋ រួមទាំងការិយាល័យចុះបញ្ជីស៊ីវិល នាយកដ្ឋានលិខិតឆ្លងដែន និងអាកាសយានដ្ឋាន និងដើម្បីចាប់ផ្តើមការងារឡើងវិញនៅកន្លែងទាំងនោះ។
សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅលើផ្លូវ Amuda ជាផ្លូវធំដែលនាំទៅដល់ទីក្រុង Qamishli មុនពេលដាក់ពង្រាយ។ផ្លូវនានាភាគច្រើនស្ងប់ស្ងាត់ចាប់តាំងពីកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃឺដ SDF បានដាក់បម្រាមគោចរ ដោយហាងនានាត្រូវបានបិទទ្វារ ហើយបុគ្គលិក SDF ដែលប្រដាប់ដោយអាវុធយ៉ាងគ្រប់ដៃ និងកងកម្លាំងសន្តិសុខឃឺដក្នុងស្រុក នៅរាយគ្នាពាសពេញផ្លូវធំៗ និងផ្លូវប្រសព្វផ្សេងៗ។
លោក Nour al-Din al-Babaអ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរីបាននិយាយថា ពួកលោកកំពុងសម្របសម្រួលជាមួយអ្នកផ្សេងទៀតក្នុងទីក្រុង Qamishli សម្រាប់ការដាក់ពង្រាយកម្លាំងរបស់ពួកលោកក្នុងទីក្រុងនេះ។
សមាជិកកងកម្លាំងសន្តិសុខឃឺដក្នុងតំបន់និយាយថា កងកម្លាំងរដ្ឋាភិបាលដែលនឹងមកដល់ នឹងត្រូវដាក់ពង្រាយនៅទីតាំង៤ចំណុចនៃទីក្រុង Qamishli ហើយវត្តមានរបស់ក្រុមឃឺដនឹងនៅទីនេះបណ្ដអាសន្ន នៅពេលសមាហរណកម្មចប់សព្វគ្រប់ ពួកគេនឹងដកកម្លាំងចេញ។ គួររម្លឹកថាកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) បានឈានដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលដើម្បីធ្វើសមាហរណកម្មជាមួយកងទ័ពស៊ីរី បន្ទាប់ពីកងកម្លាំងដឹកនាំដោយក្រុមឃឺដបានប្រគល់ទឹកដីឱ្យកងទ័ពរដ្ឋាភិបាលដែលកំពុងរុលចូលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីភាពតានតឹងនិងការប៉ះទង្គិចគ្នាជាច្រើនខែ៕

