តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ ៤កុម្ភៈសប្ដាហ៍នេះ ជាការកើនឡើងដែលនៅតែបន្តកាលពីមួយថ្ងៃមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ ហើយទូកអ៊ីរ៉ង់បំពាក់ដោយអាវុធបានចូលទៅជិតនាវាដែលមានទង់ជាតិសហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រ Hormuz ដែលបង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីការរីកកាន់តែធំនៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

ភាគហ៊ុនប្រេងឆៅ Brentរបស់សហរដ្ឋអាមេរិក បានហក់ឡើង៦៥ សេន ឬ ១,០% នៅត្រឹម៦៧,៩៨ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ០១:១១នាទី ម៉ោងសកល ។ ចំណែកភាគហ៊ុនប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរនោះ មានតម្លៃ៦៣,៩០ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៦៩ សេន ឬ១,១%។

តម្លៃភាគហ៊ុនរបស់ប្រេងឆៅទាំងពីរបានកើនឡើងជិត ២% កាលពីថ្ងៃអង្គារ ៣កុម្ភៈសប្ដាហ៍នេះ។
យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ដែលបានចូលមកជិតនាវាផ្ទុកយន្តហោះ Abraham Lincoln នៅសមុទ្រអារ៉ាប់ នៅក្នុងឧបទ្ទវហេតុមួយដែលបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Reuters។

ប្រភពពីដែនសមុទ្រ និងក្រុមហ៊ុនប្រឹក្សាសន្តិសុខបាននិយាយកាលពីថ្ងៃអង្គារថា ដោយឡែក នៅក្នុងច្រកសមុទ្រHormuz រវាងឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ក្រុមទូកប្រដាប់អាវុធអ៊ីរ៉ង់មួយក្រុមបានចូលទៅជិតនាវាដឹកប្រេងដែលមានទង់ជាតិអាមេរិកមួយគ្រឿងនៅភាគខាងជើងនៃប្រទេសអូម៉ង់៕