ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំណាយមួយ ដើម្បីបញ្ចប់ការបិទដំណើរការរដ្ឋាភិបាលសហរដ្ឋអាមេរិកដោយផ្នែក រយៈពេល ៤ថ្ងៃមកនេះ និងបានផ្តល់ពេលវេលាដល់សមាជិកសភាដើម្បីចរចាលើលទ្ធភាពនៃដែនកំណត់ក្នុងការបង្ក្រាបអន្តោប្រវេសន៍របស់លោក។

ច្បាប់ចំណាយនេះបានស្ដារឡើងវិញនូវមូលនិធិដែលហួសកាលកំណត់ សម្រាប់វិស័យការពារជាតិ ផ្នែកថែទាំសុខភាព ការងារ អប់រំ លំនៅឋាន និងទីភ្នាក់ងារផ្សេងៗទៀត ហើយក៏បានពង្រីកមូលនិធិជាបណ្តោះអាសន្នសម្រាប់ក្រសួងសន្តិសុខមាតុភូមិ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ។ មូលនិធិសម្រាប់ភ្នាក់ងារទាំងនោះបានផុតកំណត់នៅថ្ងៃសៅរ៍សប្ដាហ៍មុន ដែលនាំទៅដល់ការបិទដំណើរការដោយផ្នែក ព្រោះតែសភាមិនបានចាត់វិធានការទាន់ពេលវេលា ប៉ុន្តែក៏ពុំមានការរំខានធំដុំដែរសម្រាប់សេវាកម្មរដ្ឋាភិបាលអាមេរិក រហូតមកដល់ពេលនេះ។

លោក Trump បានចរចាលើកិច្ចព្រមព្រៀងចំណាយដ៏ធំនោះ កាលពីសប្តាហ៍មុន ជាមួយព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ ដែលកំពុងទាមទារឱ្យមានការរឹតបន្តឹងថ្មីលើយុទ្ធសាស្ត្រអនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ខ្លាំងក្លារបស់លោក Trump បន្ទាប់ពីការសម្លាប់ពលរដ្ឋអាមេរិកពីរនាក់ដោយភ្នាក់ងារសហព័ន្ធនៅទីក្រុង Minneapolis កាលពីខែមុន។

កិច្ចព្រមព្រៀងនេះបានអនុម័តក្នុងព្រឹទ្ធសភាដោយសំឡេងយ៉ាងទូលំទូលាយកាលពីសប្តាហ៍មុន ហើយបានអនុម័តដោយសភាតំណាងរាស្ត្រយ៉ាងប្រកៀកប្រកិតនៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយសំឡេងគាំទ្រ ២១៧ ទល់នឹងការប្រឆាំង ២១៤សំឡេង។ ការបិទដំណើរការរដ្ឋាភិបាលទ្រង់ទ្រាយធំលើកចុងក្រោយបំផុត គឺមានរយៈពេល ៤៣ថ្ងៃក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំមុន ដោយធ្វើឱ្យបុគ្គលិកសហព័ន្ធរាប់សែននាក់ត្រូវផ្អាកពីការងារ និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ខាតបង់ប្រមាណ ១១ ពាន់លានដុល្លារ៕