អ៊ុយក្រែន៖ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ការវាយប្រហាររបស់រុស្ស៊ី និងភ្លើងសង្គ្រាមដែលនៅតែបន្តឥតឈប់ឈរបានបង្ខំឲ្យមនុស្សជាង ៣លាននាក់រត់ចោលប្រទេសរបស់ពួកគេស្វែងរកកន្លែងមានសុវត្ថិភាព។

ទាំងទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ទាំងអង្គការទេសន្តរប្រវេសន៍អន្តរជាតិបានប៉ាន់ប្រមាណថា ចំនួនជនស៊ីវិលកំពុងរត់គេចខ្លួនអាចឡើងដល់ ៤ ទៅ ៥លាននាក់។ យោងតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បន្ថែមពីលើជនភៀសខ្លួនជិត ៣លាននាក់ ជនភៀសខ្លួនជិត ២លាននាក់កំពុងភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេស។

អង្គការសហប្រជាជាតិបាននិយាយថា ពេលនេះគឺជាវិបត្តិជនភៀសខ្លួនដែលកំពុងហក់ឡើងខ្ពស់ លឿនបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលកទី២ មក។ លោក Filippo Grandi ឧត្ដមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានរៀបរាប់ពីសង្គ្រាមឥតឈប់ឈរនេះថា ត្រូវតែបញ្ឈប់សោកនាដកម្មនេះ៕
អត្ថបទ៖ សុខមាន