មន្ត្រីអាមេរិកមួយរូបប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ថា សហរដ្ឋអាមេរិក បានប្រគល់ប្រាក់ទាំងអស់ចំនួន ៥០០លានដុល្លារ ពីការលក់ប្រេងដំបូងទៅឱ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះបន្តថា ប្រាក់ចំនួន ២០០ លានដុល្លារចុងក្រោយ ពីចំណូលលក់ប្រេង ត្រូវបានបញ្ជូនទៅវ៉េណេស៊ុយអេឡារួចរាល់ហើយ ហើយពេលនេះ «ទីក្រុងការ៉ាកាស បានទទួលជាផ្លូវការនូវទឹកប្រាក់ ៥០០ លានដុល្លារទាំងអស់ ពីការលក់ប្រេងដំបូងរបស់វ៉េណេស៊ុយអេឡា»។ មន្ត្រីរូបនេះបន្ថែមថា ថវិកានេះនឹងត្រូវ «ចែកចាយដើម្បីផលប្រយោជន៍របស់ប្រជាជនវ៉េណេស៊ុយអេឡា តាមការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក»។
មន្ត្រីអាមេរិករូបនេះ បញ្ជាក់ថា ដំបូងឡើយ មូលនិធិទាំងនេះត្រូវបានរក្សាទុកក្នុងប្រទេសកាតា ហើយមានបំណងទុកជា «គណនីបណ្តោះអាសន្នរយៈពេលខ្លី ដើម្បីធានាថា វ៉េណេស៊ុយអេឡាទទួលបានមូលនិធិដែលត្រូវការសម្រាប់ប្រតិបត្តិការ»។

កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធាអាមេរិក នៅថ្ងៃទី ៣ ខែមករា កន្លងទៅ។ កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលផ្តល់សក្ខីកម្មនៅវិមានកាពីតូល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់ប្រេងរបស់វ៉េណេស៊ុយអេឡា គឺជាកិច្ចប្រឹងប្រែងរយៈពេលខ្លី ក្នុងបំណងធ្វើឱ្យប្រទេសអាមេរិកខាងត្បូងមួយនេះមានស្ថិរភាព រក្សារដ្ឋាភិបាលឱ្យនៅរស់រាន និងជួយដល់ប្រជាជនវ៉េណេស៊ុយអេឡា៕
