វិទ្យាស្ថានស្រាវជ្រាវឈានមុខគេមួយបាននិយាយនៅថ្ងៃពុធ (៤ កុម្ភៈ) នេះថា អត្រាអត់ការងារធ្វើក្នុងឆ្នាំ២០២៦នេះ នៅចក្រភពអង់គ្លេស ទំនងជាហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៥ មក ដែលមួយផ្នែកដោយសារតែការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមា និងកំណើនអត្រាពន្ធផ្នែកសន្តិសុខសង្គមលើនិយោជកកាលពីឆ្នាំមុន។

វិទ្យាស្ថានជាតិស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម ហៅកាត់ថា NIESR បានព្យាករថា អត្រាអ្នកអត់ការងារធ្វើនឹងមានជាមធ្យម ៥,៤% នៅឆ្នាំនេះ ពោលគឺកើនឡើងពីអត្រា ៤,៨% ក្នុងឆ្នាំ២០២៥ ហើយខ្ពស់ជាងការព្យាកររបស់សេដ្ឋវិទូភាគច្រើន និងជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំ។ លោក Ben Caswell សេដ្ឋវិទូនៅស្ថាប័ន NIESR បាននិយាយថា «ផ្នែកមួយនៃភាពអត់ការងារធ្វើនៅចក្រភពអង់គ្លេសនេះ គឺមកពីការកើនឡើងនៃថ្លៃពលកម្ម»។

វិទ្យាស្ថាន NIESR បាននិយាយថា ប្រាក់ឈ្នួលអប្បបរមាកើនឡើង ដែលថ្មីៗនេះ រដ្ឋាភិបាលបានបង្កើនដល់ ២ភាគ៣ នៃប្រាក់ចំណូលមធ្យម និងកំណើនវិភាគទានសន្តិសុខសង្គមរបស់និយោជក បាននាំឱ្យថ្លៃជួលបុគ្គលិកកម្រិតដំបូងកាលពីឆ្នាំមុន កើនឡើង ១០,៦% ដែលបណ្ដាលឱ្យអត្រាជួលបុគ្គលិកក្នុងឧស្សាហកម្មធំៗរងផលប៉ះពាល់។

ការវិភាគទិន្នន័យផ្លូវការរបស់ស្ថាប័ន NIESR ក៏បានបង្ហាញពីកំណើនភាពអត់ការងារធ្វើនៅក្នុងវិស័យព័ត៌មានវិទ្យា IT ដែលខ្លួននិយាយថា អាចជាលទ្ធផលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីកាត់បន្ថយតម្រូវការបុគ្គលិកកម្រិតដំបូង៕