កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំគុយបា បានព្រមានជនជាតិអាមេរិកនៅក្នុងប្រទេសនេះថា មានកំណើននៃការតវ៉ាដែលគាំទ្រដោយរដ្ឋាភិបាល ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ហើយពលរដ្ឋអាមេរិកមួយចំនួនត្រូវបានបដិសេធមិនឱ្យចូលគុយបា នៅពេលទៅដល់ទីនោះ។ ស្ថានទូតក៏បាននិយាយនៅគេហទំព័ររបស់ខ្លួនថា ពលរដ្ឋអាមេរិកនៅគុយបា គួរតែត្រៀមខ្លួនសម្រាប់ «ការរំខានយ៉ាងធ្ងន់ធ្ងរ» ពីការដាច់ចរន្តអគ្គិសនី និងកង្វះខាតប្រេងឥន្ធនៈ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់វិធានការរារាំងលំហូរប្រេងទាំងអស់ មិនឱ្យទៅដល់គុយបា រួមទាំងប្រេងពីវ៉េណេស៊ុយអេឡាដែលជាសម្ព័ន្ធមិត្តផងដែរ ដែលជំរុញឱ្យតម្លៃម្ហូបអាហារ និងការដឹកជញ្ជូនកើនឡើង និងបង្កកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីរាប់ម៉ោង។

បន្ទាប់ពីចំណាត់ការបណ្ដេញមេដឹកនាំវ៉េណេស៊ុយអេឡាចេញពីតំណែងកាលពីដើមខែមករា លោកប្រធានាធិបតីអាមេរិក Donald Trump តែងនិយាយអំពីសកម្មភាពប្រឆាំងនឹងគុយបា និងបានដាក់សម្ពាធលើថ្នាក់ដឹកនាំរបស់ប្រទេសនេះ។ លោក Trump បាននិយាយថា «គុយបានឹងបរាជ័យក្នុងពេលឆាប់ៗ» ដោយបន្ថែមថា វ៉េណេស៊ុយអេឡា ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងចម្បងរបស់ប្រទេសកោះនេះ ថ្មីៗនេះមិនទាន់បានផ្ញើប្រេង ឬប្រាក់ទៅគុយបាទៀតទេ។ លោក Trump ក៏បានគំរាមដំឡើងពន្ធលើទំនិញពីប្រទេសណាក៏ដោយដែលផ្គត់ផ្គង់ប្រេងទៅឱ្យគុយបា។

អនុរដ្ឋមន្ត្រីការបរទេសគុយបា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា គុយបា និងសហរដ្ឋអាមេរិក កំពុងប្រាស្រ័យទាក់ទងគ្នា ប៉ុន្តេលោកបានកត់សម្គាល់ថា ការផ្លាស់ប្តូរព័ត៌មាននេះមិនទាន់វិវត្តទៅជា «កិច្ចសន្ទនាផ្លូវការ» នោះទេ៕