លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ថា ភាគីទាំងពីរបានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ក្នុងជំនួបទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំទាំងពីរ ដែលការផ្សះផ្សានេះហាក់ផ្ទុយនឹងការសង្ស័យរបស់អ្នកវិភាគនិងទីប្រឹក្សាមួយចំនួន ដែលបានចោទសួរថា តើនឹងមានការចុះសម្រុងគ្នាដែរឬទេ ដោយសារសមភាគីទាំងពីរធ្លាប់បានផ្លាស់ប្តូរពាក្យសម្ដីយ៉ាងក្ដៅគគុកជាច្រើនខែមកហើយ ព្រមទាំងមនោគមវិជ្ជាក៏ខុសគ្នាខ្លាំងផងដែរ។

លោក Petro បានទៅដល់សេតវិមានដោយពុំមានការអបអរសាទរជាសាធារណៈដូចដែលធ្លាប់ផ្តល់ជូនមេដឹកនាំបរទេសមួយចំនួននោះទេ ហើយក៏ពុំមានប្រព័ន្ធផ្សព្វផ្សាយណាមួយត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំប្រហែលពីរម៉ោងនោះដែរ។ ក្នុងសុន្ទរកថាដាច់ដោយឡែកពីគ្នាបន្ទាប់ពីជំនួប មេដឹកនាំទាំងពីរមិនបានបញ្ជាក់ច្បាស់ៗថានឹងមានកិច្ចព្រមព្រៀងជាក់ស្តែងឡើយ ប៉ុន្តែបានហៅជំនួបនេះថា ប្រកបដោយសុទិដ្ឋិនិយម។
នៅពេលត្រូវអ្នកយកព័ត៌មានសាកសួរថា តើភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទប់ទល់នឹងលំហូរគ្រឿងញៀនដែលមកពីកូឡុំប៊ីឬទេ លោក Trump បានឆ្លើយថា៖ ប្រទេសទាំងពីរកំពុងធ្វើការលើរឿងនេះ ហើយថា «ពួកលោកចុះសម្រុងគ្នាយ៉ាងល្អ»។
បន្ទាប់ពីកិច្ចប្រជុំ លោក Petro បានបង្ហោះរូបថតលើបណ្ដាញសង្គម X ជាមួយនឹងក្រដាសមួយសន្លឹក ដែលហាក់ដូចជាលោក Trump បានសរសេរដោយផ្ទាល់ដៃ ជាមួយនឹងឃ្លាថា «លោក Gustavo - ជាកិត្តិយសដ៏អស្ចារ្យ - ខ្ញុំស្រឡាញ់កូឡុំប៊ី» ហើយក៏មានរូបថតរបស់មេដឹកនាំទាំងពីរកំពុងចាប់ដៃគ្នា និងមានស្នាមញញឹមយ៉ាងរីករាយផងដែរ៕

