ទីភ្នាក់ងារសារព័ត៌មានក្យូដូ របស់ជប៉ុន បានរាយការណ៍នៅថ្ងៃពុធ (៤ កុម្ភៈ) នេះថា បុរសឈ្មោះ Tetsuya Yamagami ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។

តុលាការស្រុក Nara ចេញសាលក្រមនេះនៅថ្ងៃទី២១ ខែមករា លើលោក Yamagami វ័យ ៤៥ឆ្នាំ និងច្រានចោលអំណះអំណាងរបស់មេធាវីការពារក្តី ដែលអះអាងថា ឆាកជីវិតមិនអំណោយផលរបស់បុរសរូបនេះមកពីបញ្ហាហិរញ្ញវត្ថុរបស់គ្រួសារខ្លួន បានជះឥទ្ធិពលដល់រូបគេ ឱ្យទៅវាយប្រហារលោក Abe។
មេធាវីការពារក្តីនិយាយថា ជនដៃដល់ Yamagami ត្រូវបានជំរុញចិត្តដោយបំណងចង់សងសឹករបស់ខ្លួន ប្រឆាំងនឹងវិហារសាសនាគ្រិស្ដឈ្មោះ Unification Church បន្ទាប់ពីម្ដាយខ្លួនបានបរិច្ចាគប្រាក់ដ៏ច្រើនសរុបប្រមាណ ១០០លានយ៉េន (ឬ ៦៤១.០០០ដុល្លារអាមេរិក) ដែលធ្វើឱ្យគ្រួសារនេះជួបវិបត្តិហិរញ្ញវត្ថុ។ ក្នុងអំឡុងសវនាការ លោក Yamagami បាននិយាយថា ខ្លួនជឿជាក់ថា លោក Abe «ជាបុគ្គលសំខាន់នៃការចូលរួមផ្នែកនយោបាយរបស់វិហារនេះ» នៅប្រទេសជប៉ុន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា បុរសនោះបានជះកំហឹងទៅលើលោក Abe ពីព្រោះអតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់ផ្ញើសារជាវីដេអូមួយទៅកាន់ព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមមានទំនាក់ទំនងជាមួយវិហារ។
គួររម្លឹកថា លោក Yamagami ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ក្នុងខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបាញ់ប្រហារលើលោក Abe បណ្តាលឱ្យស្លាប់ ដោយប្រើកាំភ្លើងកែច្នៃមួយដើម ខណៈអតីតមេដឹកនាំរូបនេះកំពុងថ្លែងសុន្ទរកថាឃោសនាបោះឆ្នោត នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕

