ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ចំនួនជាង៦២ម៉ឺននាក់ ក្នុងចំណោមពលករសរុបជាង ៨០ម៉ឺនាក់ មានការងារធ្វើ នៅក្នុងប្រទេស ដោយទទួលបានប្រាក់ខែសមរម្យ។

តាមរយៈបទសម្ភាសជាមួយ BTV នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រ សួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែររស់នៅប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួនជិត ៩៦ម៉ឺននាក់ ក្នុងនោះមានជាង ៨០ម៉ឺននាក់ ជា ពលករ និងទទួលបានការងារធ្វើ មានជាង៦២ម៉ឺននាក់ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។

ឯកឧត្តមបានបន្តថា ការជួយសម្របសម្រួលឲ្យពលករមានការងារធ្វើនេះ ក្រសួងការងារបានបែង ចែកជា ៤ដំណាក់ធំៗ ហើយពលករទទួលបានប្រាក់ខែសមរម្យ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងដែរថា តាមការ សង្កេតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ សុវត្ថិភាពរបស់ពលករខ្មែរពេលត្រឡប់មកពីប្រទេសថៃ ដោយរង់ចាំទទួលពលករទាំងនោះនៅតាមច្រកព្រំដែន និងជួយសម្រួលការធ្វើដំណើរ និងរកការងាជូន ជាដើម។ លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការងារផងដែរ។
បន្ទាប់ពីប្រទេសថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥មក ពលរដ្ឋខ្មែររស់នៅប្រទេសថៃ រាប់បញ្ចូលទាំងពលករដែលនោះ បានត្រឡប់មកកាន់មាតុប្រទេសវិញជាបន្តបន្ទាប់ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ


