នគរបាលបាននិយាយនៅថ្ងៃពុធ (៤ កុម្ភៈ) នេះថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានប្រើប្រាស់យុទ្ធោបករណ៍ដូចជាយានដ្រូន និងឧទ្ធម្ភាគចក្រ ដើម្បីដណ្តើមយកការគ្រប់គ្រងទីប្រជុំជនមួយនៅភាគនិរតី ចេញពីក្រុមឧទ្ទាមផ្ដាច់ខ្លួន បន្ទាប់ពីការប្រយុទ្ធយ៉ាងបង្ហូរឈាមរយៈពេល ៣ថ្ងៃ ខណៈចំនួនអ្នកស្លាប់ក្នុងអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធ កាលពីចុងសប្តាហ៍កន្លងទៅ បានកើនឡើងដល់ ៥៨នាក់។

រលកនៃការវាយប្រហារបែបសម្របសម្រួល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយក្រុមផ្ដាច់ខ្លួនឈ្មោះ កងទ័ពរំដោះបាឡូច (BLA) បាននាំឱ្យខេត្តដ៏ធំបំផុតរបស់ប៉ាគីស្ថាន ស្ទើរតែជាប់គាំង និងបានសម្លាប់ប្រជាជនរាប់សិបនាក់ ហើយកងកម្លាំងសន្តិសុខបានបាញ់ប្រហារតទល់ជាមួយក្រុមឧទ្ទាមនៅរាប់សិបទីតាំង ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៩៧នាក់។

អាជ្ញាធរបានឱ្យដឹងថា យុទ្ធជន BLA ដែលជាក្រុមឧទ្ទាមដ៏ខ្លាំងក្លាបំផុតក្នុងតំបន់ បានបើកការវាយលុកលើសាលារៀន ធនាគារ ផ្សារលក់ដូរ និងបញ្ជរសន្តិសុខនៅទូទាំងខេត្ត Balochistan ក្នុងប្រតិបត្តិការដ៏ធំបំផុតមួយរបស់ពួកគេ ដោយបានសម្លាប់មន្ត្រីសន្តិសុខ ២២នាក់ និងជនស៊ីវិល ៣៦នាក់។
ក្នុងទីប្រជុំជនវាលខ្សាច់ Nushki ដែលមានប្រជាជនប្រហែល ៥ម៉ឺននាក់ ក្រុមឧទ្ទាមបានដណ្តើមយកការគ្រប់គ្រងប៉ុស្តិ៍នគរបាល និងទីតាំងសន្តិសុខផ្សេងទៀត ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នារយៈពេល ៣ថ្ងៃ។ នគរបាលបាននិយាយថា មន្ត្រីជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ក្រោយមកពួកគេក៏ដណ្តើមបានការគ្រប់គ្រងទីប្រជុំជននេះវិញនៅល្ងាចថ្ងៃចន្ទ ហើយប្រតិបត្តិការប្រឆាំងនឹងក្រុម BLA នៅតែបន្តនៅកន្លែងផ្សេងទៀតនៅក្នុងខេត្តនេះ៕