ប្រទេសចិន បានចេញការព្រមានទៅកាន់ប៉ាណាម៉ា កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ថា នឹងមាន «តម្លៃតបស្នងដ៏ខ្ពស់» បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការនៅទីនោះ បានលុបចោលកិច្ចសន្យារបស់ក្រុមហ៊ុន CK Hutchison មានមូលដ្ឋាននៅទីក្រុងហុងកុង លើដំណើរការកំពង់ផែចំនួនពីរ នៅព្រែកប៉ាណាម៉ា។ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ប្រទេសចិន បានហៅសេចក្ដីសម្រេចរបស់តុលាការកំពូលប៉ាណាម៉ាថា «មិនសមហេតុផល» «គួរឱ្យអាម៉ាស់ និងគួរឱ្យអាណិត» ហើយប្ដេជ្ញាការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន។

សេចក្តីសម្រេចដែលធ្វើឡើងកាលពីសប្តាហ៍មុន បានលុបចោលកិច្ចសន្យាសំខាន់មួយរបស់ក្រុមហ៊ុនកំពង់ផែប៉ាណាម៉ា (PPC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ CK Hutchison បានកាន់កាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ដើម្បីដំណើរការផែកុងតឺន័រនៅច្រកចូលប៉ាស៊ីហ្វិក និងអាត្លង់ទិកនៃព្រែកជីក។ សេចក្ដីសម្រេចនេះត្រូវគេមើលឃើញថាជាជ័យជម្នះសម្រាប់ទីក្រុងវ៉ាស៊ីនតោន ស្របពេលការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងអាមេរិក និងចិន លើការគ្រប់គ្រងផ្លូវពាណិជ្ជកម្មសកល។

ការិយាល័យរបស់ចិន បាននិយាយលើគណនីបណ្ដាញសង្គមរបស់ខ្លួនថា «សេចក្តីសម្រេចនេះមិនអើពើនឹងការពិត រំលោភលើទំនុកចិត្ត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនៅទីក្រុងហុងកុង នៃប្រទេសចិន»។ ការិយាល័យនេះបន្តថា «ចិនមានមធ្យោបាយ ឧបករណ៍ ព្រមទាំងកម្លាំង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដ៏យុត្តិធម៌ និងត្រឹមត្រូវ»។
ការិយាល័យបន្ថែមថា ប្រសិនបើអាជ្ញាធរប៉ាណាម៉ា «ទទូចប្រើវិធីផ្ទាល់ខ្លួនរបស់ពួកគេ នោះប្រាកដជាត្រូវបង់តម្លៃតបស្នងដ៏ច្រើនទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច!»។ ដោយមិនលើកឈ្មោះអាមេរិកចំៗនោះទេ ការិយាល័យចិនបាននិយាយថា «ប្រទេសមួយចំនួនបានប្រើយុទ្ធសាស្ត្រគំរាមកំហែងដើម្បីបង្ខំប្រទេសដទៃឱ្យគោរពតាមឆន្ទៈរបស់ខ្លួន»៕
