លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar កាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានកាត់បន្ថយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ប្រទេសឥណ្ឌា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា លោក Jaishankar បានស្ថិតនៅក្នុងសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចផ្លូវការ ហើយនឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែសំខាន់ៗដែលរៀបចំដោយលោក Rubio។
ជំនួបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌាដែលកាត់បន្ថយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ប្រទេសឥណ្ឌាមកត្រឹម១៨% ពី៥០% ជាថ្នូរនឹងការដែលប្រទេសឥណ្ឌាបញ្ឈប់ការទិញប្រេងរបស់រុស្ស៊ី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។

លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការទិញថាមពល ធ្យូងថ្ម បច្ចេកវិទ្យា និងផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកកាន់តែច្រើនឡើងពីសំណាក់ប្រទេសឥណ្ឌា ហើយវាជាដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដែលនឹងត្រូវបានចរចានៅពេលបន្ទាប់។