និស្សិតនិងសាច់ញាតិរបស់អ្នកទោសនយោបាយវ៉េណេស៊ុយអេឡា បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅសាកលវិទ្យាល័យ The Central University of Venezuela (UCV) ដើម្បីទាមទារឱ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌនៃអ្នកទោសនយោបាយទាំងអស់ និងការអនុម័តបន្ទាន់នូវច្បាប់លើកលែងទោសទាំងស្រុង មួយខែបន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro។ ការតវ៉ា ដែលត្រូវបានរៀបចំដោយចលនានិស្សិត បានធ្វើឡើងនៅជិតបរិវេណសាកលវិទ្យាល័យ ជាកន្លែងដែលក្រុមបាតុករបានគ្រវីទង់ជាតិវ៉េណេស៊ុយអេឡា និងកាន់រូបថតអ្នកទោស។

សកម្មជនប្រឆាំងដែលត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ លោក Carlos Azuaje បានជំរុញឱ្យអង្គការអន្តរជាតិ ពិនិត្យមណ្ឌលឃុំឃាំង ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថាជាស្ថានភាពអមនុស្សធម៌។ លោក Azuaje បាននិយាយថា «ពន្ធនាគារទាំងនេះត្រូវតែបានត្រួតពិនិត្យដោយអង្គការសិទ្ធិមនុស្ស កាកបាទក្រហម និងអង្គការសហប្រជាជាតិ ដើម្បីឱ្យពួកគេអាចមើលឃើញអ្វីដែលកំពុងកើតឡើងនៅខាងក្នុងនាពេលនេះ»។ ការតវ៉ា ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃសុក្រ ទី៣០ ខែមករា អំពី «ច្បាប់លើកលែងទោស» ដែលបានស្នើឡើង សម្រាប់អ្នកជាប់ឃុំរាប់រយនាក់។

អង្គការសិទ្ធិមនុស្ស Foro Penal និយាយថា មនុស្សចំនួន៣៤៤នាក់ដែលខ្លួនពិពណ៌នាថាជា «អ្នកទោសនយោបាយ» ត្រូវបានដោះលែងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ចន្លោះថ្ងៃទី ៨ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ខណៈមនុស្ស ៦៨៧ នាក់ផ្សេងទៀតនៅតែជាប់ឃុំឃាំង។ មន្ត្រីរដ្ឋាភិបាល បដិសេធថាមិនបានឃុំខ្លួនអ្នកទោសនយោបាយទេ ដោយនិយាយថាអ្នកទាំងឡាយដែលបានជាប់ពន្ធនាគារ បានប្រព្រឹត្តបទព្រហ្មទណ្ឌ។