ភ្នំពេញ៖ ទិដ្ឋភាពនៅទីតាំងតេស្តកូវីដ-១៩ ដោយប្រើម៉ាស៊ីន PCR និងទីតាំងលក់ថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍ កំពុងមានសភាពស្ងប់ស្ងាត់ ក្រោយករណីឆ្លងកូវីដនៅរាជធានីភ្នំពេញមានការធ្លាក់ចុះខ្លាំង។
នៅថ្ងៃទី ១៦ខែមីនាឆ្នាំ២០២២នេះ ទិដ្ឋភាពនៅមុខវិហារយេស៊ូនៅស្ទឹងមានជ័យ និងទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យកូវីដដោយប្រើប្រាស់ម៉ាស៊ីន PCR និងទីតាំងក្រសួងប្រៃសណីយ៍ ដែលដាក់លក់ថ្នាំព្យាបាលកូវីដ គឺមានសភាពស្ងប់ស្ងាត់ ពុំមានវត្តមានមនុស្សកុះករតម្រង់ជួរដូច កាលពីមុនទៀតនោះទេ។
តាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញអះអាងថា មកពីករណីឆ្លងនៅរាជធានីភ្នំពេញមានការធ្លាក់ចុះជាច្រើន។
លោកបន្តថា ស្ថានភាពមានការល្អប្រសើរដោយតែប្រជាពលរដ្ឋមានការយលល់ដឹងច្រើន មានការចូលរួមក្នុងការទទួលចាក់វ៉ាក់សាំង ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារអាយុពី ៣ឆ្នាំទៅ ៥ និងការទៅចាក់វ៉ាក់សាំងដូសជំរុញ។
លោក បន្តថា សព្វថ្ងៃ អាជ្ញាធរ នៅតែបន្តសកម្មភាព ការអប់រំណែនាំ ការផ្សព្វផ្សាយ និងមានកាប្រជុំជាប្រចាំលើការងារពាក់ព័ន្ធនឹងកូវីដ-១នេះ។ ទន្ទឹមនឹងស្ថានភាពល្អប្រសើរនេះ លោកអភិបាលរង សំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តអនុវត្តវិធានការការពារ ដោយមិនត្រូវធ្វេសប្រហែសនោះទេ។
ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដនៅរាជធានីភ្នំពេញ តាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លើកឡើងប្រាប់ BTV កាលពីម្សិលម៉ិញថា អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងស្តាតអូឡាំពិក គឺមានចំនួន ១៩៤នាក់ ចំពោះអ្នកជំងឺកំពុងព្យាបាលនៅតាមផ្ទះមានចំនួន ៩៧៨នាក់។
ជារួមសម្រាប់ករណីឆ្លងកូវីដទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺករណីវិជ្ជមានដែលចេញដោយម៉ាស៊ីន PCR គឺធ្លាក់មកត្រឹមជាង ១០០ករណីប៉ុណ្ណោះ៕