នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រាប់បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff នៅទីក្រុងហ្ស៊េរុយសាឡឹមកាលពីថ្ងៃអង្គារថា អាជ្ញាធរប៉ាឡេស្ទីន (PA) ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា នឹងមិនជាផ្នែកមួយនៃការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាមទេ «តាមមធ្យោបាយណាមួយឡើយ»។

ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ថា «លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីន នឹងមិនចូលរួមក្នុងការគ្រប់គ្រងតំបន់នេះ តាមមធ្យោបាយណាមួយឡើយ»។
ក្រោមផែនការឈប់បាញ់នៅតំបន់ហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំនៅក្នុងទឹកដីប៉ាឡេស្ទីន តួនាទីក្រោយសង្គ្រាមរបស់អាជ្ញាធរប៉ាឡេ ស្ទីន ( PA) នៅក្នុងតំបន់ហ្កាហ្សា គឺមិនច្បាស់លាស់ទេ។
គណៈកម្មាធិការជាតិបច្ចេកទេសសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា (NCAG) ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយកិច្ចការប្រចាំថ្ងៃរហូតដល់ PA បញ្ចប់កម្មវិធីកែទម្រង់។
លោក Witkoff បានជួបពិភាក្សាជាមួយលោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយ បន្ទាប់ពីការបើកច្រកឆ្លងកាត់ Rafah របស់តំបន់ហ្កាហ្សាជាមួយអេហ្ស៊ីបឡើងវិញ។ នេះគឺជាកិច្ចប្រជុំលើកទី២រវាងលោកទាំងពីរ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍៕

